2024-02-21 19:30
319

(យូអិន)៖ អ៉ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកយ៉ាងសាហាវលើតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ខណៈសហរដ្ឋអាមេរិកបោះឆ្នោតវេតូប្រឆាំងនឹង ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលអំពាវនាវឱ្យមានបទឈប់បាញ់មួយសម្រាប់ដែនដីប៉ាឡេស្ទីន ដែលកំពុងប្រឈមមុខ   នឹងវិបត្តិមនុស្សធម៌ យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២១ កុម្ភៈ ។
   កាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោន បានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយតាក់តែងឡើងដោយប្រទេសអាល់ហ្សេរី ដែលអំពាវនាវឱ្យមានបទឈប់បាញ់ ភ្លាមៗមួយ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ពង្រត់ ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយគ្មានលក្ខខណ្ឌ។ ក្នុងចំណោម សមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ មានប្រទេសចំនួន ១៣បានបោះឆ្នោតគាំទ្រដោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ រីឯអង់គ្លេសបោះឆ្នោត អនុប្បវាទ។
   ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានហៅការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើដំណោះស្រាយនេះជា ការស្រមើស្រមៃ និងគ្មានទំនួលខុសត្រូវ។ តាមលោកស្រីឯកអគ្គរដ្ឋទូត ការបោះឆ្នោតវេតូរបស់សហរដ្ឋអាមេ រិក ដែលជាលើកទី៣ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងមក ធ្វើឡើងដោយសារតែបារម្ភខ្លាចថាការបោះឆ្នោតនេះអាចនឹងបំផ្លាញដល់កិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់បណ្ដោះអាសន្នមួយរវាង សហរដ្ឋអាមេរិក អេហ្ស៉ីប និងកាតា។ ការវេតូរបស់សហរដ្ឋអាមេរិកទទួលរងការរិះគន់ពីបណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានចិន រុស្ស៉ី អារ៉ាប៊ីសាអូឌីត រួមទាំង សម្ព័ន្ធមិត្តរបស់អាមេរិក គឺបារាំង និងស្លូវេនីផងដែរ។

   គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ខណៈសហរដ្ឋអាមេរិក បោះឆ្នោតវេតូដោះស្រាយ UN អ៉ីស្រាអែលបានទម្លាក់គ្រាប់បែក គួបផ្សំនឹងការវាយប្រហារ តាមផ្លូវគោក ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១០៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ក្នុងតំបន់ហ្កាហ្សាកើនដល់ ២៩,១៩៥នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលស្ត្រី និងកុមារ៕