ភ្នំពេញ៖ ក្រុមហ៊ុនល្បែងស៊ីសងប្រភេទកាស៊ីណូ យីហោ «Loto8888» កំពុងធ្វើសកម្មភាពផ្សព្វផ្សាយ អូសទាញ និងបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចុះឈ្មោះបើកគណនីតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីឱ្យចូលរួមលេងល្បែងស៊ីសងជាមួយក្រុមហ៊ុនរបស់ខ្លួនដោយអះអាងថា មានប្រម៉ូសិនទទួលបាកប្រាក់បន្ថែម ១០០ភាគរយ និងមានបង្វិលប្រាក់ ៥ភាគរយប្រចាំថ្ងៃជាដើម ដែលនាំឱ្យមានការរខានយ៉ាងខ្លាំង ជាពិសេសកំពុងដើរផ្ទុយពីអនុសាសន៍ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យលប់បំបាត់ល្បែងស៊ីសងទូទាំងប្រទេសតែម្តង។
នៅតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Telegrame មានភ្ញាក់ងាររបស់ក្រុមហ៊ុនល្បែងស៊ីសងប្រភេទកាស៊ីណូ យីហោ «Loto8888» នេះចាត់មកណែនាំឱ្យពលរដ្ឋចុះឈ្មោះបង្កើតគណនីដើម្បីដាក់ប្រាក់ចូលលេងស៊ីសងជាច្រើនទោះបីលប់យ៉ាងម៉េចក៏មិនចេះអស់ដែរ។ សម្រាប់ការផ្សព្វផ្សាយរបស់ក្រុមផ្នែកទីផ្សារល្បែងស៊ីសងខុសច្បាប់ទាំងនោះ បានណែនាំឱ្យចាក់ភ្នាក់ដូចជា ល្បែងឡូតូ បៀរការ៉ាត់ ជល់មាន់ ជាដើម។ ក្រៅពីក្រុមភ្នាក់ងារទីផ្សារទាក់ទាញក៏ឃើញក្រុមមនុស្សមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនក៏កំពុងចូលរួមផ្សព្វផ្សាយប្រភេទល្បែងស៊ីសងប្រភេទកាស៊ីណូនេះតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដែលផ្ទុយពីការណែនាំរបស់ អគ្គបលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ជាពិសេសបទបញ្ជាដាច់ណាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្តង។
សូមជម្រាបថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ ល្បែងភ្នាល់អនឡាញ និងឆ្នោតកន្ទុយលេខ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប (Youtube) ចំនួន ២១ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (1) Flyzz News, (2) Aa2888 Official, (3) Vivendo a vida, (4) Xylophone Marketing , (5) ពិភពបាល់ទាត់ និងហ្គេមកាស៊ីណូ, (6) VVIP CAM, (7) Fa Fa Galaxy7 ជាហ្គេមអនឡាញល្បីនៅអាស៊ី, (8) FAFA365-khcs, (9) FAFAJOKER_Official, (10) SBC369-Agency, (11) FAFA666, (12) បាល់ SBC 369, (13) ទទួលយកបទពិសោធ៌កំសាន្តដោយទំនុកចិត្ត, (14) Admin 500, (15) Les chevreuils, (16) 99comboo, (17) Afb883 Asia, (18) Wattana Nin, (19) K88, (20) HB88kh - Cambodia Most Trusted និង (21) ផ្ទះឆ្នោត និងនៅមានជាច្រើនទៀត ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» និង ច្បាប់ស្ដីពី «ការបង្រ្កាបល្បែងស៊ីសង»។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានចាតុទុកថា «ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដានស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់»។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណើរការល្បែងស៊ីសងខុសច្បាប់ខាងលើនេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ តាមនីតិវិធីច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ក្នុងវេទិកាសាធារណៈជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលី ជាង ១ ៦០០នាក់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់សាជាថ្មី «បញ្ហាល្បែងស៊ីសងសម្តេចបានបញ្ជាឱ្យបញ្ឈប់ឱ្យចេញអាជ្ញាប័ណ្ណហើយឱ្យពិនិត្យមើលដើម្បីកាត់បន្ថយ និងលប់អាជ្ញាប័ណ្ណចេញ ព្រោះគ្មានអីចំណេញទេ គឺត្រូវពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលជូនប្រជាពលរដ្ឋឱ្យមានជីវភាពធូធាអត់ត្រូវការមានការពង្រាយទីតាំងល្បែងស៊ីសងរីករាលដាកដល់ភូមិ-ឃុំលប់ចោលទៅវាអត់មានអីចំណេញទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ល្បែងឥឡូវនេះមិនដូចពីមុនទេ ជាប្រភេទអនឡាញ គឺ៣នាទីចេញម្តងអញ្ចឹងមនុស្សទៅណាមិនរួចទេចាក់ចាញ់ល្បែងត្រឡប់ទៅផ្ទះវិញបង្កឱ្យឈ្លោះគ្នាក្លាយជាអំពើហិង្សាវាជាបន្ទុកបន្ថែមវាមិនចំណេញទេយល់កុំអនុញ្ញាតតែម្តង»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី «ខ្ញុំបានបញ្ជាឱ្យបិទជាបណ្តើរៗហើយពិនិត្យមើលលក្ខខ័ណ្ឌដើម្បីពិនិត្យនិងឈានការសម្រេច ហើយក្នុងកាលៈទេសៈនេះមិនមែនជាពេលត្រូវពង្រាយល្បែងស៊ីសងទៅដល់ក្រោមផ្ទះ ភូមិ ឃុំទេ គឺជាពេលត្រូវពង្រាយរោងចក្រ ពង្រាយអាជីវកម្ម បង្កើនការងារដើម្បីយកលុយឱ្យចូលហោប៉ៅប្រជាជនរឿងល្បែងវាអត់ចំណេញស្អីទេ»៕