2024-03-20 14:27
352

រដ្ឋធានីហែលស៊ីនគី (Helsinki)៖ បើតាមរបាយការណ៍ ស្ដីអំពីសុភមង្គលពិភពលោកប្រចាំឆ្នាំ  បានចាត់ចំណាត់ថ្នាក់ប្រទេសហ្វាំងឡង់ដ៍ និង បណ្ដាប្រទេសផ្សេងៗទៀត នៅស្កានឌីណាវៀ (Scandinavia) ដែលជាអនុតំបន់អឺរ៉ុបខាងជើង ក្លាយជាប្រទេសមានសុភមង្គលបំផុត នៅលើភពផែនដីនេះ ខណៈប្រទេសកូស្តារីកា និង គុយវ៉ែត បានចូលមកដល់លំដាប់កំពូលប្រទេសមានសេចក្ដីសុខទាំង២០ ជំនួសសហរដ្ឋអាមេរិក និង អាល្លឺម៉ង់។ នេះបើតាមគេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

ហ្វាំងឡង់ដ៍ នៅតែជាប្រទេសមានសុភមង្គលបំផុត នៅក្នុងពិភពលោក សម្រាប់រយៈពេលឆ្នាំ៧ជាប់ៗគ្នាមកនេះ ដោយរួមជាមួយនឹងប្រទេសជិតខាង នៅតំបន់ Nordic នៃអឺរ៉ុបខាងជើង រួមាន៖ ស៊ុយអែត ដាណឺម៉ាក និង អ៊ីស្លង់ដ៍ ក៏នៅរក្សាតំណែងរបស់ខ្លួន នៅក្នុងចំណាត់ថ្នាក់ប្រទេសមានសុភមង្គលកំពូលទាំង១០។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ នៃប្រទេសមានសុភមង្គលបំផុតរបស់ពិភពលោក ត្រូវបានចេញផ្សាយ នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

បើទោះជាយ៉ាងណា ការកើនឡើង នៃភាពមិនសប្បាយចិត្ត ជាពិសេស នៅក្នុងចំណោមយុវវ័យ បានរកឃើញ នៅក្នុងប្រទេសលោកខាងលិចផ្សេងៗទៀត បានទម្លាក់សន្ទស្សន៍ ដែលឧបត្ថម្ភ ដោយអង្គការសហប្រជាជាតិ ខណៈសហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានធ្លាក់ចេញពីកំពូលប្រទេសមានសុភមង្គលទាំង២០ ជាលើកដំបូង ចាប់តាំងពីការបោះពុម្ពលើកដំបូងរបស់របាយការណ៍ជាងមួយទសវត្សរ៍មុននេះ។ រីឯប្រទេសដែលចូលមកចំនួន ប្រទេសអ្នកមានទាំង២នេះ រួមមាន កូស្ដារីកា ឈរនៅលំដាប់លេខ១២ និង គុយវ៉ែត ឈរនៅលំដាប់លេខ១៣ ខណៈបណ្ដាប្រទេសអឺរ៉ុបខាងកើត រួមមាន៖ ស៊ែប៊ី (Serbia), ប៊ុលហ្ការី (Bulgaria) និង ឡាតវី (Latvia) បានកើនឡើង នៃសុភមង្គលយ៉ាងខ្លាំងបំផុត។

ដោយឡែក ប្រទេសអាហ្វហ្កានីស្ថាន បានញាំញី ដោយគ្រោះមហន្ដរាយខាងមនុស្ស ចាប់តាំងពីពួកតាលីបង់ ចូលមកគ្រប់គ្រងប្រទេសឡើងវិញ នៅក្នុងឆ្នាំ២០២០នោះ បានក្លាយជាប្រទេសនៅចុងក្រោយគេបំផុត នៅក្នុងចំណោមប្រទេស និង ដែនដីជាង១០០។

ការស្ទង់មតិ លើប្រជាជន នៅក្នុងប្រទេស និង ដែនដីចំនួន១៤៣ បានវាយតម្លៃ ទៅលើជីវិតរបស់ពួកគេ តាមមាត្រដ្ឋាន ពីសូន្យដល់១០ ដោយគិតគូរពីកត្តាមួយចំនួន ដូចជា ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ការគាំទ្រសង្គម អាយុសង្ឃឹមរស់ ដែលមានសុខភាពល្អ សេរីភាព សប្បុរសធម៌ និង អំពើពុករលួយ ៕