2024-04-30 20:50
279

ទីក្រុងប៊្រុចសែលស៍៖ ការខ្វះខាតគ្រាប់រំសេវរបស់រដ្ឋាភិបាលក្រុងកៀវ បានផ្ដល់ឱកាសដ៏ល្អ សម្រាប់ទាហានរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន វាយរុលទៅមុខ ប៉ុន្ដែលោកប្រធានអង្គការណាតូ នៅតែអះអាង ថា ថ្វីបើមានការយឺតយ៉ាវ នៅក្នុងការផ្គត់ផ្គងគ្រាប់រំសេវក៏ពិតមែន តែកងទ័ពអ៊ុយក្រែន នៅតែអាចយកជ័យជម្នះ លើរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ កាលពីថ្ងៃចន្ទ បានប្រាប់ដល់ប្រជាជនអ៊ុយក្រែន ថា សមាជិកសម្ពន្ធភាពរបស់គាត់ បានខកខាតធ្វើតាមការសន្យារបស់ខ្លួន អំពីផ្ដល់ជំនួយយោធា នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ប៉ុន្តែឥឡូវ លំហូរគ្រឿងសព្វាអាវុធ និង គ្រាប់រំសេវ នឹងកើនឡើង។
  នៅក្នុងដំណើរទស្សនកិច្ច មិនបានប្រកាសជាមុន ទៅកាន់រដ្ឋធានកៀវ នោះ លោកប្រធានអង្គការណាតូ រូបនេះ ក៏បានជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelenskiy) ហើយគាត់គ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែន ផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកទី៣របស់គាត់ ទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានឈ្លានពានទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ 
ដំណើរទស្សនកិច្ចនេះ បានកើតឡើង ចំពេលមានការលំបាកខ្លាំង នៅលើសមរភូមិ សម្រាប់ប្រទេសអ៊ុយក្រែន។ ក្រោយពេលកងទ័ពអ៊ុយក្រែន បានបរាជ័យ នៅក្នុងការវាយបក កាលពីចុងឆ្នាំ២០២៣នោះមក បានធ្វើឲ្យទាហានរុស្ស៊ី សម្រេចបានូវការកាន់កាប់ទឹកដីមួយផ្នែក ដែលបានចូលឈ្លានពាន កាលពីដំបូងរហូតមក ដោយសារតែការខ្វះខាតគ្រាប់រំសេវ និង គ្រឿងសព្វាវុធរបស់អ៊ុយក្រែន។
លោកប្រមុខអង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិច រូបនេះ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា «ខ្ញុំក៏នឹងនិយាយដោយស្មោះត្រង់ជាមួយនឹងលោកប្រធានាធិបតី ហ្សេឡែនស្គី និង សភាអ៊ុយក្រែន (Rada) ថា អង្គការណាតូ មិនបានផ្គត់ផ្គង់គ្រាប់រំសេវ និង គ្រឿងសព្វាវុធ តាមអ្វីដែលខ្លួនបានសន្យា កាលពីប៉ុន្មានខែកន្លងមកនេះ។ បើទោះជាយ៉ាងណា បញ្ហានេះ វាមិនទាន់យឺតពេលពេក ដើម្បីជួយឱ្យអ៊ុយក្រែន ទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមនេះ ខណៈទាហានរុស្ស៉ី បានវាយរុលទៅមុខ ចំពេលក្រុងកកៀវ កំពុងតែរង់ចាំទទួលជំនួយអាវុធ មកពីសម្ពន្ធមិត្ត។
ការអត្ថាធិប្បាយរបស់លោក ស្ដូលថែនប៊ឺគ បានកើតឡើង នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ខណៈកំពុងតែបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីកៀវ ចំពេលទាហានរុស្ស៉ី បានអះអាង អំពីការវាយដណ្ដើមយកភូមិទី២ នៅក្នុងតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន។
លោកប្រមុខអង្គការសម្ពន្ធមិត្តយោធា រូបនេះ បានបន្ថែម ថា កងទ័ពអ៊ុយក្រែន បានប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ អស់រយៈពេលជាច្រើនខែកន្លងមកហើយ ដោយត្រូវតែបង្ខំចិត្តប្រើប្រាស់គ្រាប់រំសេវយ៉ាងសន្សំសំចៃបំផុត... ប៉ុន្តែបញ្ហានេះ មិនទាន់យឺតពេលពេកនោះដែរ។ ការពន្យារពេលផ្គត់ផ្គង់អាវុធរបស់លោកខាងលិច ជាពិសេស ជំនួយសន្ដិសុខរបស់សហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅលើសមរភូមិ។ ថ្វីបើមានបញ្ហាបែបនេះក្ដី  គាត់នៅតែទទូចឲ្យមានការគំាទ្របន្ថែម មកពីលោកខាងលិច ខណៈអាវុធកំពុងស្ថិតនៅតាមផ្លូវបញ្ជូន មកកាន់ប្រទេសអ៊ុយក្រែន។
ចាប់តាំងពីការផ្ទុះសង្រ្គាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន តែងតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើជំនួយយោធារបស់លោកខាងលិច ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី។ ស្របពេលប្រមុខអង្គការណាតូ កំពុងតែបំពេញទស្សនកិច្ច នៅរដ្ឋធានីកៀវ នោះ ទាហានរុស្ស៉ី កាលពីថ្ងៃចន្ទ (ទី២៩ ខែមេសា) បានអះអាង  ថា ពួកគេបានវាយដណ្ដើមកាន់កាប់ភូមិសេមេនីវកា ( Semenivka) ស្ថិតនៅក្បែរទីក្រុងអាវឌីវកា ( Avdiivka) ដែលរុស្ស៉ី បានដណ្ដើមកាន់កាប់ កាលពីខែកុម្ភៈ កន្លងទៅនេះ។ ស្របគ្នានេះ ក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ (ទី២៨ ខែមេសា) ក៏បានអះអាង អំពីការវាយដណ្ដើមកាន់កាប់ភូមិណូវ៉ូបាកមូទីវកា (Novobakhmutivka) ផងដែរ៕