2024-07-08 16:52
238

កំពង់ឆ្នាំង៖   អតីតប៉ូលីសទេសចរណ៍ម្នាក់ រស់នៅខេត្តកំពង់ឆ្នាំង បានស្លាប់ក្រោយពេលក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីបានបរិភោគសាច់ត្រីក្រកំពត ដោយក្លែមជាមួយស្រាបៀរមួយកំប៉ុងប៉ុន្មានម៉ោងប៉ុណ្ណោះ។

ជនរងគ្រោះខាងលើ មានឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ ៦០ឆ្នាំ ជាអតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានទីលំនៅ ភូមិទី១ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង បានចូលនិវត្តន៍ជាង ២ឆ្នាំ កន្លងមកហើយ។ ករណីអតីតមន្ត្រីនគរបាលដែលស្លាប់នេះ ត្រូវបានដាក់ការសន្និដ្ឋានថា បណ្តាលមកពីពុលត្រីក្រពត។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះ និងប្រពន្ធ និងកូនម្នាក់ទៀត បានចំអិនត្រីក្រពតធ្វើម្ហូប ដោយជនរងគ្រោះបរិភោគក្លែមជាមស្រាបៀរមួយកំប៉ុងផងដែរ។ 

លុះរហូតដល់ម៉ោងប្រមាណ ៦និង៣០នាទីយប់ថ្ងៃដដែល ជនរងគ្រោះមានអាការៈមិនស្រួលហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងបានស្លាប់បាត់នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី០៨ ខែកក្កដា ដោយសារស្ថានភាពធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបាន។

ថ្មីៗនេះក្រសួងសុខាភិបាល បានក្រើនរំលឹកថា៖ «ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាព ដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពត ដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ»។

តាមក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ថា៖ «នៅក្នុងប្រទេសកម្ពុជាយើង មានត្រីក្រពត ចំនួន ០៩ ប្រភេទ ក្នុងនោះមាន ០៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា “ត្រីក្រពតដែលមានជាតិពុល” មានភិនភាគដូចក្នុងរូបភាពភ្ជាប់ជូនជាមួយរួមមាន៖ ទី១៖ ត្រីក្រពត ភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មានទំហំអតិបរមា ៦ស.ម។ ទី២៖ ត្រីក្រពត អុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម។ ទី៣៖ ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម។ ទី៤៖ ត្រីក្រពត អុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម. និង ទី៥៖ ត្រីក្រពត ហ្គូវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម»។ 

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា៖ «ត្រីក្រពត ទាំងនេះ មានជាតិពុលខ្ពស់ នឹងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទ ខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រីក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្គែមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់តែម្តង»។

ចំពោះរោគសញ្ញាកើតក្រោយពីបរិភោគត្រីក្រពត ក្នុងរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតល្ហែ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។ សម្រាបការសង្គ្រោះបន្ទាន់ក្រោយពីពុលអាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិ ពុលពីក្នុងខ្លួនបានមួយចំណែក និងត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់៕