2025-03-10 11:04
26

សេអ៊ូល៖ កូរ៉េខាងជើងបានថ្កោលទោសចំពោះការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិក។ 

ដោយកូរ៉េខាងជើងបានលើកឡើងថា ការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរនេះជា "ទង្វើបង្កហេតុដ៏គ្រោះថ្នាក់" ។

សមយុទ្ធប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងអាមេរិកគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី 20 ខែមីនា ឯណោះ ទោះបីជាសមយុទ្ធបាញ់គ្រាប់ពិតត្រូវបានផ្អាក បន្ទាប់ពីយន្តហោះរបស់កូរ៉េខាងត្បូងបានទម្លាក់គ្រាប់បែកខុស ទៅលើទីក្រុងជនស៊ីវិលក្បែរព្រំដែនកាលពីសប្តាហ៍មុន ដែលជាហេតុបង្កឲ្យមានមនុស្សចំនួន ២៩នាក់ រងរបួសធ្ងន់និងស្រាល រួមទាំងបណ្ដាលឲ្យខូតខាតផ្ទះសម្បែងរបស់ប្រជាជនមួយចំនួនទៀតផង។

កូរ៉េខាងជើងបានអំពាវនាវឲ្យការធ្វើសមយុទ្ធរួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងត្រូវបានផ្អាក ដោយចាត់ទុកថាទង្វើនេះជាការឈានដល់ការឈ្លានពាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា "នេះគឺជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់នៃការដឹកនាំស្ថានការណ៍ស្រួចស្រាវនៅលើឧបទ្វីបកូរ៉េ ដែលអាចបង្កឱ្យមានជម្លោះរាងកាយរវាងភាគីទាំងពីរដោយការបាញ់ប្រហា រដោយចៃដន្យរហូតដល់ចំណុចខ្លាំង" ។

គួរឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់ដោយការទម្លាក់គ្រាប់បែកដោយចៃដន្យនៅទីក្រុង Pocheon ដែលមានចម្ងាយប្រហែល 40 គីឡូម៉ែត្រ  ក្នុងភាគឦសាននៃទីក្រុងសេអ៊ូល គឺនៅខាងក្រៅតំបន់ហ្វឹកហាត់មួយនៅជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។ 

ហើយអ្នកស្រុកនៅតំបន់នោះបានត្អូញត្អែរជាយូរណាស់មកហើយអំពីការរំខាន និងហានិភ័យដែលកើតចេញពីសមយុទ្ធនេះ។