
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏សារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។
ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់បំពេញការងារទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចែករំលែកដល់សនិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនានា ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិជាដើម។ ខណៈក្រសួងព័ត៌មាន គឺបើកចំហជានិច្ច ឱ្យសិស្សនិស្សិតនានា មកទស្សនកិច្ចសក្សាស្វែងយល់ពីកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងព័ត៌មាន ផងដែរ។ រហូតមកដល់ពេលនេះ មានសិស្សនិស្សិតប្រមាណ ១ ពាន់នាក់បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានបានធ្វើបទបង្ហាញជូនដល់សិស្សនិស្សិតឱ្យបានយល់ដឹង។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងនូវតួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថាមនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម,សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។
អ្វីដែលសំខាន់ដែរនោះ ក្រសួងព័ត៌មាន ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ៕


