2025-03-31 13:58
88

មន្ត្រីកាកបាទក្រហមបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងវិបត្តិមនុស្សធម៌ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានសម្លាប់មនុស្សជាង ២០០០ នាក់ ហើយពេលនេះតម្រូវការជំនួយរបស់ប្រទេសនេះកំពុងតែកើនឡើងផងដែរ។

ចំពោះគ្រោះរញ្ជួយដីដែលកើតមានលើប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានគេចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលមួយសតវត្សនេះ និងបានបណ្ដាលឱ្យប្រទេសនេះរងនូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមទាំងស្ពាន ផ្លូវហាយវេ អាកាសយានដ្ឋាន និងផ្លូវរថភ្លើង ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលសង្រ្គាមស៊ីវិលកំពុងកើតមាននៅក្នុងប្រទេសនេះផងដែរ។

លោក Alexander Matheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នេះមិនមែនគ្រាន់តែជាគ្រោះមហន្តរាយនោះទេ វាគឺជាវិបត្តិមនុស្សធម៌ដ៏ស្មុគស្មាញមួយដែលគ្របដណ្តប់លើភាពងាយរងគ្រោះដែលមានស្រាប់" ។ 

លោកបានបន្ថែមថា៖ «ទំហំនៃគ្រោះមហន្តរាយនេះគឺមានច្រើន ហើយតម្រូវការសម្រាប់ការគាំទ្រគឺជារឿងបន្ទាន់»។ 

គួរបញ្ជាក់ថា ក្រុមជួយសង្គ្រោះបរទេសបានមកដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីជួយប្រទេសនេះក្នុងការទប់ទល់នឹងគ្រោះមហន្តរាយ ហើយកាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយថាអ្នកស្ម័គ្រចិត្តកំពុងគ្រប់គ្រងជំនួយដំបូង និងចែកចាយរបស់របរដូចជាភួយ ក្រណាត់ និងសម្ភារៈអនាម័យជាច្រើនទៀតទៅដល់ប្រជាជនដែលរងគ្រោះ។ 

ក្នុងនោះ IFRC បានចាប់ផ្តើមការអំពាវនាវបន្ទាន់មួយសម្រាប់ថវិកាចំនួន113.60 លានដុល្លារ ដើម្បីជួយមនុស្សចំនួន 100,000 នាក់ជាមួយនឹងការសង្គ្រោះជីវិត និងជំនួយសង្គ្រោះទាន់ពេល។