
នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ មានករណីរញ្ជួយដីចំនួន ៣ លើកជាប់ៗគ្នានៅស្រុក កុងទុំ (Kon Tum) នៃខេត្តកុងទុំ (Kon Tum) ក្នុងប្រទេសវៀតណាម។
ប៉ុន្តែបើយោងតាមមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដី និងព្រមានរលកយក្សស៊ូណាមិក៏បានឱ្យដែរដឹងថា ជុំវិញនៃករណីរញ្ជួយដីនេះមិនបានបង្កឲ្យមានការខូចខាតអ្វីនោះឡើយ។ ក្នុងការរញ្ជួយដីទាំងបីលើកនៅក្នុងស្រុកខាងលើនេះដោយ៖
• រញ្ជួយដីលើកទី ១ កើតឡើងនៅម៉ោង ៤:០៨ ព្រឹក មានកម្រិត ៣,១ រ៉ិចទ័រ។
• រញ្ជួយដីលើកទី ២ កើតឡើងប្រហែល ២ នាទីក្រោយ មានកម្រិត ៣,០ រ៉ិចទ័រ។
• រញ្ជួយដីលើកទី ៣ កើតឡើងនៅម៉ោង ៤:៤៦ ព្រឹក មានកម្រិត ២,៦ រ៉ិចទ័រ។ ដោយការរញ្ជួយដីទាំង ៣ លើកនេះ កើតឡើងនៅជម្រៅប្រហែល ៨,១ គីឡូម៉ែត្រ។
យោងតាមលោកបណ្ឌិត Nguyen Xuan Anh ដែលជានាយកមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដី និងព្រមានរលកយក្សស៊ូណាមិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រផែនដីបានឲ្យដឹងថា ខេត្តកុងទុំ (Kon Tum) ស្ថិតនៅក្នុងខ្សែរញ្ជួយដីរំញោច និងនៅក្នុងតំបន់រញ្ជួយដីខ្សោយ។
ដូច្នេះរំញ័រអតិបរមាក្នុងតំបន់មិនលើសពី ៥,៥ រ៉ិចទ័រនោះទេ។ ហើយបើតាមការសង្កេត គេអាចសន្និដ្ឋានបានថា បាតុភូតនេះទាក់ទងនឹងរញ្ជួយដីរំញោចដែលបណ្តាលមកពីអាងស្តុកទឹក។
គួររម្លឹកឲ្យដឹងដែរថា បើតាមស្ថិតិរយៈពេល ១១៧ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩០៣ ដល់ឆ្នាំ ២០២០ ស្រុកកុងទុំ (Kon Tum) មានការកត់ត្រាពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីប្រហែល ៣៣ លើករួចមកហើយ ដែលមានកម្រិតចាប់ពី ២,៥ រ៉ិចទ័រឡើងទៅ។
ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះ តំបន់កុងទុំ ដែលស្ថិតនៅក្នុងប្រទេសវៀតណាម មានការរញ្ជួយដីជាង ២០០ លើក។
ដោយក្នុងចំណោមនោះការរញ្ជួយដីដ៏ធំបំផុតគឺបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០២២ ដែលមានកម្រិត ៤,៧ រ៉ិចទ័រ។

