2025-03-31 15:40
99

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរថយន្តតាក់ស៊ីមួយគ្រឿងបានហើយព្យាយាមបើករត់ត្រូវបានម្ចាស់ដេញតាមទាន់ចាប់បានស្វាគមន៍មួយដៃមួយជើងម្នាក់រួចប្រគល់អោយសមត្ថកិច្ច យកទៅធ្វើការសួរនាំ។ ហេតុការនោះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២៥ ត្រង់ចំណុចគល់ស្ពានអាកាសចោមចៅទី៣ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ជេត វណ្ណ ភេទប្រុសអាយុ ៣០ ឆ្នាំមានមុខរបរខ្វៃជ្រូក ស្នាក់នៅបន្ទប់ជួលភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ជឿន  ចាន់ណាក់ ភេទប្រុស អាយុ ៣២ ឆ្នាំមានមុខរបររត់ឡាន មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តដែលជនសង្ស័យលួចនោះម៉ាកសាំយ៉ុងពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ2AK-7933។
ម្ចាស់រថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានឈប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៣ត្រង់ចំណុចគល់ស្ពានអាកាសចំចោមចៅ មុខហាងនំបុ័ងក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីចាប់ម៉ូយខណៈពេលនោះរូបគាត់ទើបតែមានម៉ូយជិះនៅក្នុងរថយន្តតែម្នាក់។ បន្ទាប់មកមានជនសង្ស័យខាងលើបានដើរទៅតថ្លៃរថយន្តគាត់ក្នុងតម្លៃ៣០០០០ម៉ឺនរៀលដោយជនសង្ស័យជិះទៅស្រុកតានីខេត្តកំពតហើយជនសង្ស័យបានឡើងទៅជិះក្នុងរថយន្តនៅកៅអីខាងក្រោយ។
ប្រភពបាន្តអោយដឹងថា ខណៈនោះរូបគាត់មិនបានពន្លត់ម៉ាស៊ិនរថយន្តនោះទេដោយរថយន្តនៅឆេះហើយរូបគាត់បានទៅចាប់ម៉ូយបន្តទៀតនៅពេលរូបគាត់កំពុងចាប់ម៉ូយនោះជនសង្ស័យបានឡើងទៅបើករថយន្តព្យាយាមបើករត់ទៅដល់ត្រង់ចំណុចមុខខ្លោទ្វារវត្តជន្លុងម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ភ្លាមៗនោះដែរគាត់បានជួលម៉ូតូឌុបជិះដេញតាមទាន់ចាប់វាយមួយដៃមួយជើងម្នាក់ទ្រមខ្លួនប្រគល់ទៅសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ក្រោយសមត្ថកិច្ចពីសួរនាំជនសង្ស័យនិងជនរងគ្រោះម្ចាស់រថយន្តរួចមកទើបដឹងថា កើតហេតុនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ទើបប្រគល់ជនសង្ស័យទៅអោយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ដើម្បីសួរនាំបន្ត។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីនាំខ្លួនសង្ស័យនិងជនរងគ្រោះម្ចាស់រថយន្តមកដល់ប៉ុស្តិ៍នគរបាលចោមចៅទី៣ជនរងគ្រោះម្ចាស់រថយន្តមិនបានប្តឹងផ្តល់ទៅជនសង្ស័យនោះឡើយហើយបានប្រគល់ជនសង្ស័យទៅអោយសមត្ថកិច្ចធ្វើការអបរំ៕