
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា៖ «ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់»។
ស.ស.យ.ក. បានបញ្ជាថា តាមរយៈសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋមានឱកាសក្នុងការសិក្សារៀនសូត្រ ស្វែងយល់ នូវមរតកវប្បធម៌ អរិយធម៌ អត្ដសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ព្រមទាំងបានពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជានៅក្នុងតំបន់និងលើឆាកអន្តរជាតិឱ្យកាន់តែល្បីសុះសាយទូទាំងសកលលោក។
ព្រះរាជតម្រិះ ព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងគ្រប់គ្រង អភិបាលផែនដីព្រះរាជាណាចក្រកម្ពុជា បានរុញច្រាននាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល។ នាពេលខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជបវេណីដ៏ល្អផូរផង់ នៃព្រះរាជាខ្មែរ រាប់ជំនាន់ដ៏យូរលង់។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញត បង្ហាញនូវអនុស្សាវរីយ៍នៃកម្មវិធីពិពរណ៍ព្រះបរមឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលបង្ហាញពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព ស្នាព្រះហស្ថ ក្នុងព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា នាឱកាស ខួបលើកទី២០ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕