2025-03-31 15:54
35

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅទីស្តីការក្រសួង។ 
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់រជ្ជទាយាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។ 
បន្ទាប់មកកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី៕