2025-04-06 11:58
27

KYIV,អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបជាមួយមេដឹកនាំនៃកងកម្លាំងប្រដាប់អាវុធអង់គ្លេស និងបារាំងក្នុងទីក្រុង Kyiv កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដើម្បីពិភាក្សាអំពីសក្តានុពលនៃការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពពហុជាតិទៅកាន់អ៊ុយក្រែន បើទោះបីជាមានការស្ទាក់ស្ទើរពីប្រធានាធិបតីអាមេរិក Donald Trump ក្នុងការផ្តល់ការធានាសន្តិសុខយ៉ាងណាក៏ដោយ។

បើតាមក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយថា មន្ត្រីបានធ្វើការលើកឡើងពីរចនាសម្ព័ន្ធ ទំហំ និងសមាសភាពនៃ "កម្លាំងធានា" នាពេលអនាគត ខណៈដែលប្រធានបុគ្គលិកការពារជាតិ លោក Adm. Antony Radakin បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសនឹងសម្លឹងមើល "កសាងសមត្ថភាពដ៏ខ្លាំងក្លារបស់កងទ័ពអ៊ុយក្រែន ហើយដាក់ពួកគេនៅក្នុងទីតាំងដ៏រឹងមាំបំផុតដែលអាចមានដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី"។ 

កិច្ចពិភាក្សាចុងសប្តាហ៍នេះ គ្រោងនឹងកំណត់មូលដ្ឋានសម្រាប់កិច្ចប្រជុំបន្ថែមទៀតរវាងរដ្ឋមន្ត្រីការពារជាតិនៅទីក្រុងប្រ៊ុចសែល និងក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Trump ដែលកំពុងតែធ្វើការជំរុញឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាមនៅអ៊ុយក្រែន បានផ្អាកជំនួយយោធាជាបណ្តោះអាសន្នដល់ទីក្រុង Kyiv ហើយបាននិយាយម្តងហើយម្តងទៀតថា ប្រទេសនេះនឹងមិនចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូឡើយ។ 

តែបើក្រឡេកទៅមើលការលើកឡើងរបស់មន្រ្តីចក្រភពអង់គ្លេសវិញ ពេលនេះកំពុងតែធ្វើការកសាងកម្លាំងដ៏ធំល្មមដើម្បីដើរតួជាក្នុងការរារាំង ដែលអាចជឿទុកចិត្តបានសម្រាប់អ៊ុយក្រែន ដោយមានទាហានចាប់ពី 10,000 ទៅ 30,000 នាក់ នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្រាប់ប្រទេសនេះ។