
ហាណូយ៖ វៀតណាមបានស្នើឱ្យរដ្ឋបាល Trump ពន្យារពេលពន្ធលើទំនិញរបស់ខ្លួនចំនួន 46% ដោយបានលើកឡើងថាការយកពន្ធនេះនឹងធ្វើឱ្យប៉ះពាល់ទាំងវៀតណាមនិងអាមេរិក ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីផងដែរ។
សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងហាណូយបានសម្តែងការព្រួយបារម្ភចំពោះលេខាធិការពាណិជ្ជកម្មលោក Howard Lutnick នៅក្នុងលិខិតមួយដែលបានចុះកាលពីថ្ងៃសៅរិ៍ដោយបាននិយាយថា ពន្ធដែលនឹងចូលជាធរមាននៅថ្ងៃពុធគឺ "ខ្ពស់គួរឱ្យភ្ញាក់ផ្អើលណាស់" ។
បើយោងតាម AmCham និង VCCI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ពន្ធទាបចំពោះផលិតផលដែលចូលមកក្នុងប្រទេសវៀតណាម ហើយសម្រាប់ផលិតផលដែលឈានដល់អ្នកប្រើប្រាស់អាមេរិក គឺជាអ្វីដែលនឹងជួយដល់ក្រុមហ៊ុនអាមេរិក សេដ្ឋកិច្ច និងអ្នកប្រើប្រាស់" ។
AmCham និង VCCI បានបន្ថែមថា "កិច្ចព្រមព្រៀងលឿន និងយុត្តិធម៌នឹងបន្ថែមភាពប្រាកដប្រជាសម្រាប់អាជីវកម្ម ហើយនឹងជួយកែតម្រូវអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងលក្ខណៈដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ"។
ពេលនេះ លោកប្រធានាធិបតី Donald Trump និងមេដឹកនាំវៀតណាមលោក To Lam បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រកន្លងទៅ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយដើម្បីដកពន្ធ។
សូម្បីតែមុនពេលការប្រកាសកាលពីថ្ងៃពុធរបស់លោក Trump អំពីពន្ធសកលក៏ដោយ ក៏វៀតណាមបានកាត់បន្ថយពន្ធមួយចំនួនដែលជាផ្នែកមួយនៃសម្បទានជាបន្តបន្ទាប់ដល់សហរដ្ឋអាមេរិក ដែលរួមបញ្ចូលផងដែរនូវការសន្យាទិញទំនិញអាមេរិកបន្ថែមទៀតដូចជាយន្តហោះ និងផលិតផលកសិកម្មជាដើម។
