2025-04-07 10:01
129

ហ្សាការតា៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងការឆ្លើយតបលើកដំបូងរបស់រដ្ឋាភិបាលខ្លួន ចំពោះការយកពន្ធចំនួន 32% របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា ប្រទេសឥណ្ឌូនេស៊ីនឹងមិនសងសឹកប្រឆាំងនឹងពន្ធពាណិជ្ជកម្ម 32% របស់ប្រធានាធិបតីអាមេរិកលើសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍វិញនោះទេ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Airlangga Hartarto បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌូនេស៊ីនឹងបន្តការទូត និងការចរចាដើម្បីស្វែងរកដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមក បន្ទាប់ពីលោក Trump បានប្រកាសពីការដំឡើងពន្ធសកលកាលពីថ្ងៃពុធសប្ដាហ៍មុន។ 

ដោយលោក Airlangga បាននិយាយថា "វិធីសាស្រ្តនេះត្រូវបានធ្វើឡើងដោយពិចារណាលើផលប្រយោជន៍ រយៈពេលវែងនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាដើម្បីរក្សាបរិយាកាសវិនិយោគនិងស្ថិរភាពសេដ្ឋកិច្ចជាតិដោយបានបន្ថែមថា ទីក្រុងហ្សាការតានឹងគាំទ្រដល់វិស័យដែលរងផលប៉ះពាល់ជាសក្តានុពលដូចជាឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងជាដើម។

គួរបញ្ជាក់ឲ្យដឹងថា លោក Trump បានដាក់ពន្ធលើប្រទេសឥណ្ឌូណេស៊ីចំនួន ៣២ ភាគរយដែលជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។ 

ហើយបន្ទាប់ពីការដាក់ពន្ធនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងប្រមូលធាតុចូលពីធុរកិច្ចនៅថ្ងៃចន្ទនេះ ដើម្បីជួយបង្កើតយុទ្ធសាស្រ្តដោះស្រាយពន្ធរបស់សហរដ្ឋអាមេរិក ក៏ដូចជាការស្វែងរកមធ្យោបាយដើម្បីបង្កើនពាណិជ្ជកម្មជាមួយបណ្តាប្រទេសអឺរ៉ុបដែលជាជម្រើសជំនួសសហរដ្ឋអាមេរិកនិងចិន។ 

ហើយបន្ថែមពីនេះ ទីក្រុងហ្សាការតានឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាមេរិក។ 

គួរឲ្យដឹងថា អាមេរិកជាគោលដៅនាំចេញធំបំផុតទីបី របស់ឥណ្ឌូនេស៊ីដោយទទួលបានការដឹកជញ្ជូនមានតម្លៃ 26.3 ពាន់លានដុល្លារក្នុងឆ្នាំ 2024 នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ហាញឲ្យដឹង។
 

ការនាំចេញសំខាន់របស់ឥណ្ឌូណេស៊ីទៅអាមេរិករួមមានគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងសម្លៀកបំពាក់ និងស្បែកជើង។