2025-04-08 07:38
15

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា វិស័យកសិកម្មកម្ពុជា បានសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។
ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រៅ បានគូសរំលេចថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ។ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក។
ទោះបីជាវិស័យកសិកម្មបានទទួលបានលទ្ធផលល្អយ៉ាងណាក្តី ថ្នក់ដឹកនាំក្រសួងខាងលើ បានបញ្ជាក់ថា វិស័យនេះនៅជួបបញ្ហាប្រឈមមួយចំនួន ដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយ តាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ការសិក្សា អំពីដំណើរវិវត្តនៃវិស័យកសិកម្មកម្ពុជានាពេលកន្លងមក រួមជាមួយនឹងនិន្នាការបច្ចុប្បន្ន និងសក្តានុពល នាពេលអនាគត គឺជារឿងចាំបាច់ដែលអង្គវេទិកាត្រូវជជែកពិភាក្សា៕