2025-04-08 07:41
11

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ មានអាហ្វីស ប៉ាណូ ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើផលិតផល ទាំងគ្រឿងស្រវឹង និងមិនមែនគ្រឿងស្រវឹងសរុបចំនួន១៤ម៉ឺន ប៉ាណូ ទាំងតូច ទាំងធំ ដែលអាចរាប់ចាប់ពី៤ម៉ែត្រការ៉េឡើងទៅ ប៉ុន្ដែមិនទាន់រាប់គិតអំពីស្លាកសញ្ញា ឬយីហោតូចៗដែលដាក់នៅតាមផ្ទះរបស់ប្រជាពលរដ្ឋនោះទេ ដែលស្លាកសញ្ញា ឬយីហោតូចៗទាំងនេះជាសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដបែបនេះ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ចំពោះ ប៉ាណូ អាហ្វីស ចាប់ពី៤ម៉ែត្រការ៉េឡើង ជាការអនុវត្ដជាក់ស្ដែងគឺការគ្រប់គ្រងស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន ហើយក្នុងការផ្ដល់នូវសេវាសាធារណៈ ក្រសួងព័ត៌មានបានផ្ដល់សេវាពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយសោតទស្សន៍ នៅតាមបណ្ដាខេត្ដនានា ហើយក្រុមហ៊ុនដែលប្រកបអាជីវកម្មនៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មអាហ្វីស ប៉ាណូ គឺបានទៅបង់សេវាសាធារណៈតាមច្រកចេញ-ចូលតែមួយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា តាមតម្លៃនៅក្នុងតារាងដែលបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ក្នុងតម្លៃចំនួន ១លាន ២សែនរៀល ដែលជាសេវាផ្សព្វផ្សាយនៅតាមទីតាំងនានា ហើយនេះគឺជាការបញ្ជាក់ពីសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន ក្នុងការគ្រប់គ្រងអាហ្វីស ប៉ាណូ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «នៅក្នុងចំណោមអាហ្វីស ប៉ាណូ ទាំង១៤ម៉ឺន នៅក្នុងប្រទេសកម្ពុជា គឺចែកចេញជាបីប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទផ្ទាំងប៉ាណូធំៗ ប៊ៀលប៊ត មានទំហំចាប់ពី២៥ម៉ែត្រ ឬ៣០ម៉ែត្រការ៉េ ឡើងទៅ នៅក្នុងទូទាំងប្រទេសកម្ពុជាសរុបមានចំនួន ២ ៣៤៥ ផ្ទាំង។ ប្រភេទទី២ គឺ Small Hold ចំនួន ២១ ៣៦៥ ផ្ទាំង ដែលសរុបប្រភេទទី១ និងប្រភេទទី២ នេះគឺមានចំនួន ២៣ ៧១០ ផ្ទាំង ក្នុងនោះ នៅរាជធានីភ្នំពេញតែមួយគត់គឺមានចំនួន ១៤ ៥០១ ផ្ទាំងរួចហើយ»។
ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ឱ្យដឹងផងដែរថា ចំណែកនៅតាមខេត្ដមានចំនួន ៩ ២៣៧ ផ្ទាំង ហើយផ្ទាំងប៉ាណូ ផ្សេងៗទៀតមានប្រមាណ១២ម៉ឺនផ្ទាំងគឺជាផ្ទាំងប៉ាណូដែលដាក់នៅខាងមុខហាង មុខភោជនីយដ្ឋាន ឬក៏ផ្ទាំងដាក់នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ព្រោះលើសពី៤ម៉ែត្រការ៉េឡើងទៅ ដែលលើសពី៤ម៉ែត្រការ៉េនេះ ភាគច្រើនជាសាប់សាញ ឬក៏ស្រ៊ីតសាញ មានប្រមាណជា១២ម៉ឺនស្លាកនៅទូទាំងប្រទេស។ ក្នុងចំណោមផ្ទាំងអាហ្វីស ប៉ាណូទាំង១៤ម៉ឺន គឺផ្ទាំងប៉ាណូធំៗ និង Small Hold មានសណ្ដាប់ធ្នាប់ដោយសារតែការរៀបចំ ប៉ុន្ដែអ្វីដែលយើងមើលឃើញថា មិនមានសណ្ដាប់ធ្នាប់ភាគច្រើនគឺសាប់សាញ ឬក៏ស្រ៊ីតសាញនេះ ដែលបានដាក់ ហើយការដាក់នេះមិនមែនកើតចេញមកពីក្រុមហ៊ុនផ្សព្វផ្សាយប៉ាណូ អាហ្វីសនោះទេ ក៏ប៉ុន្ដែគឺជាការដាក់ដោយក្រុមហ៊ុនផលិតផលផ្ទាល់តែម្ដងដែលសហការជាមួយអ្នកម៉ៅការនៅតាមខេត្ដ ឬក៏មានកន្លែងផលិតសាប់សាញ ឬក៏ស្រ៊ីតសាញរបស់គាត់ដោយគាត់ធ្វើការងារនេះផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន ឬជាមួយម្ចាស់ផ្ទះ ឬម្ចាស់ដីតែម្ដង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ចំណុចនេះ គឺភាគច្រើនក្នុងចំណោម១២ម៉ឺនផ្ទាងនេះគឺមិនមានច្បាប់ទម្លាប់ត្រឹមត្រូវទេ ហើយក៏ជាកម្មវត្ថុនៃការរៀបចំឡើងវិញទៅលើសណ្ដាប់ធ្នាប់សាធារណៈ។
បើតាមឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បច្ចុប្បន្ន ក្រុមហ៊ុនដែលប្រកបអាជីវកម្មលើការផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូទាំង១៤ម៉ឺននេះ មាន១៧ក្រុមហ៊ុន ហើយទាំង១៧ក្រុមហ៊ុននេះគឺបានសហការគ្នាបង្កើតទៅជាសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា គឺកើតចេញមកក្រោយពីបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបន្ថែមលើតួនាទីរបស់ក្រសួងព័ត៌មានលើការងារគ្រប់គ្រងផ្ទាំងប៉ាណូ អាហ្វីសទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីមានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះការបង្កើតសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជានៃក្របខ័ណ្ឌក្រុមការងារអន្ដរក្រសួងគ្រប់គ្រងលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក៏ដូចជាក្របខ័ណ្ឌនៃក្រសួងព័ត៌មានដែលមានសមត្ថកិច្ចនៅក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមប៉ាណូ អាហ្វីស និងតាមមធ្យោបាយផ្សេងៗទៀត ដែលនេះគឺជាច្រករួមមួយក្នុងការប្រកបអាជីវកម្មទាំងនេះ។
យោងតាមទិន្នន័យក្នុងឆ្នាំ២០២៤កន្លងទៅនេះបានឱ្យដឹងថា ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងគ្រឿងស្រវឹង និងមិនមែនស្រវឹងទាំងអស់ គឺថវិកាផ្សព្វផ្សាយពាណិជ្ជកម្មដែលបានបញ្ចេញនៅក្នុងប្រទេសកម្ពុជា សរុបចំនួន៤៤០លានដុល្លារអាម៉េរិក ក្នុងនោះ ការផ្សព្វផ្សាយផលិតផលមិនមែនគ្រឿងស្រវឹងចំនួន២៨០លានដុល្លារ ផលិតផលគ្រឿងស្រវឹងចំនួន ១៦០លានដុល្លារ។ ចំពោះមធ្យោបាយនៃការផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺមាន៥សំខាន់ៗ រួមមាន ទី១ តាមប្រព័ន្ធផ្សព្វផ្សាយបុរាណចំណាយថវិកាចំនួន៨០លានដុល្លារ ទី២ ប្រព័ន្ធផ្សព្វផ្សាយទំនើបចំណាយថវិកាចំនួន១៧០ដុល្លារ ទី៣ ការផ្សព្វផ្សាយតាមផ្ទាំងប៉ាណូ អាហ្វីស សម្រាប់ផលិតផលរួមទាំងអស់ចំនួន៦០លានដុល្លារ ទី៤ ការផ្សព្វផ្សាយព្រឹត្ដិការណ៍ផ្សេងៗចំនួន ៧០លានដុល្លារ និងទី៥ ការផ្ដល់រង្វាន់ដល់អ្នកប្រើប្រាស់ ចំនួន៦០លានដុល្លារ៕