2025-04-10 11:11
95

(សិង្ហបុរី)៖ តម្លៃប្រេងបានធ្លាក់ចុះនាថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែបង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន បើទោះបីជាលោកបានប្រកាសផ្អាករយៈពេល 90 ថ្ងៃលើពន្ធគយសម្រាប់ប្រទេសដទៃទៀតយ៉ាងណាក៏ដោយ។ 

យោងតាមការចេញផ្សាយពីគេហទំព័រ រ៉យទ័រ នាថ្ងៃ ព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នេះ បានបង្ហាញថា ប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះ 77 សេន ឬស្មើនឹង 1.18% មកនៅត្រឹម $64.71 ក្នុងមួយបារ៉ែល ខណៈដែលអនាគតប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះរហូតដល់ទៅ 65 សេន ឬស្មើនឹង 1.04% មកនៅត្រឹម $61.70 ។ 

បញ្ហានៃការធ្លាក់ចុះនៃប្រេងឆៅនេះ កើតឡើងបន្ទាប់ពីការផ្អាកពន្ធគយសម្រាប់ប្រទេសភាគច្រើន រួមទាំងកិច្ចសន្យាប្រេងឆៅគោលបានទូទាត់ខ្ពស់ជាង 4% កាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីបានធ្លាក់ចុះដល់ទៅ 7% ក្នុងអំឡុងពេលនៃជួញដូរ។ 

ទោះជាយ៉ាងណាក៏ដោយ ពេលនេះសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែផ្ទុះកម្ដៅឡើងហើយ បន្ទាប់ពីលោក ត្រាំ បានប្រកាសតម្លើងពន្ធទៅលើប្រទេសចិនបន្ថែមរហូតទៅដល់ ១២៥ ភាគរយ ដែលជាហេតុកំពុងតែធ្វើឲ្យអ្នកយុទ្ធសាស្រ្តទំនិញ ING បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយនាថ្ងៃព្រហស្បតិ៍នេះថា ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកលើប្រទេសចិនបានធ្វើឱ្យមានភាពមិនច្បាស់លាស់ជាច្រើននៅក្នុងទីផ្សារ។ 

ពួកគេបាននិយាយថា "ភាពមិនប្រាកដប្រជានេះនៅតែអាចអូសបន្លាយលើកំណើនសេដ្ឋកិច្ចពិភពលោក ដែលជាការព្រួយបារម្ភយ៉ាងច្បាស់សម្រាប់តម្រូវការប្រេង"។