
តៃប៉ិ៖ រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយនាថ្ងៃសៅរ៍នេះថា មន្ត្រីតៃវ៉ាន់បានបើកកិច្ចពិភាក្សាពន្ធគយលើកដំបូងរបស់ពួកគេ ជាមួយមន្ត្រីអាមេរិកកាលពីថ្ងៃសុក្រម្សិលមិញ ដោយភាគីទាំងពីរកំពុងទន្ទឹងរងចាំការពិភាក្សាបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
ខណៈពេលដែលប្រឈមនឹងពន្ធ ៣៤ ភាគរយ ពីលោក ត្រាំ នោះ តៃវ៉ាន់បានត្អូញត្អែរថាពួកគេមិនមានភាពយុត្តិធម៌ទេ ដោយខ្លួនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីដាក់សំណើជាមួយសហរដ្ឋអាមេរិក ដោយផ្តល់នូវរបបសូន្យពន្ធ និងការទិញ ក៏ដូចជាការវិនិយោគកាន់តែច្រើននៅក្នុងប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យចរចាពាណិជ្ជកម្មរបស់តៃវ៉ាន់បាននិយាយថា មន្ត្រីរបស់ខ្លួនបានធ្វើសន្និសីទតាមវីដេអូជាមួយមន្ត្រីសហរដ្ឋអាមេរិក ដោយបានបន្ថែមថា កិច្ចពិភាក្សាបានផ្តោតលើពន្ធគយទៅវិញទៅមករវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកដូចជា របាំងមិនមែនពន្ធសម្រាប់ពាណិជ្ជកម្ម និងបញ្ហាសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មមួយចំនួនទៀត រួមទាំងការត្រួតពិនិត្យការនាំចេញផងដែរ។
ហើយភាគីទាំងពីរកំពុងទន្ទឹងរងចាំធ្វើកិច្ចពិគ្រោះយោបល់បន្តនាពេលខាងមុខ និងរួមគ្នាកសាងទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្មដ៏រឹងមាំ រួមទាំងស្ថិរភាពរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកផងដែរ៕

