
KYIV៖ ឧបនាយករដ្ឋមន្ដ្រីទីមួយលោក Yulia Svyrydenko បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អ៊ុយក្រែននិងសហរដ្ឋអាមេរិកបានធ្វើឱ្យ "មានការរីកចម្រើនយ៉ាងខ្លាំង" នៅក្នុងកិច្ចចរចារបស់ពួកគេ ស្តីពីកិច្ចព្រមព្រៀងរ៉ែហើយនឹងចុះហត្ថលេខាលើអនុស្សរណៈនាពេលខាងមុខនេះ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងស្វែងរកកិច្ចព្រមព្រៀងរ៉ែទ្វេភាគី ដែលជាផ្នែកមួយនៃការជំរុញរបស់លោក ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ក្នុងនោះលោក Trump ក៏យល់ឃើញថា វាជាមធ្យោបាយមួយដើម្បីយកប្រាក់រាប់ពាន់លានដុល្លារ ដែលអាមេរិកបានចំណាយលើជំនួយយោធាដល់អ៊ុយក្រែន។
ជុំវិញរឿងនេះ លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់ជំនួយយោធាពីមុនរបស់សហរដ្ឋអាមេរិកជាប្រាក់កម្ចីនោះទេ។
លោក Svyrydenko បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការងារលើកិច្ចព្រមព្រៀងនឹងបន្ត ហើយភាគីទាំងពីរបានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈមួយក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលជាដំណាក់កាលដំបូងដើម្បីកត់ត្រាវឌ្ឍនភាព។ចំណែកឯអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនលោក Taras Kachka បានប្រាប់ទូរទស្សន៍ជាតិថា កិច្ចពិភាក្សាកំពុងដំណើរការទៅមុខ ហើយវាទំនងជាឯកសារបណ្តោះអាសន្ន ឬអនុស្សរណៈអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានកាត់បន្ថយការប៉ាន់ប្រមាណ ចំពោះការចំណាយរបស់ខ្លួនសម្រាប់ជំនួយដែលផ្តល់ដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ2022 ពី ៣០០ ពាន់លានដុល្លារមកនៅប្រហែល 100 ពាន់លានដុល្លារ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីខែមុន រដ្ឋបាល Trump បានស្នើកិច្ចព្រមព្រៀងរ៉ែថ្មីដែលផ្តល់ឱ្យអ៊ុយក្រែនវិញដោយគ្មានការធានាសន្តិសុខនាពេលអនាគត។
លោក Svyrydenko បាននិយាយថា កិច្ចព្រមព្រៀងនាពេលអនាគតនឹងតម្រូវឱ្យមានការផ្តល់សច្ចាប័ននៅក្នុងសភារបស់ប្រទេសអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថានឹងជួយដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕

