
ប៉ារីស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋលេខាធិការ Marco Rubio បាននិយាយថា ប្រសិនជាមិនមានលេចចេញសញ្ញាច្បាស់លាស់នៃវឌ្ឍនភាពក្នុងពេលឆាប់ៗនេះទេ សហរដ្ឋអាមេរិកនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន។
លោក Rubio បាននិយាយនៅក្នុងទីក្រុងប៉ារីសបន្ទាប់ពីបានជួបមេដឹកនាំអឺរ៉ុប និងអ៊ុយក្រែនថា "លោកនឹងមិនបន្តកិច្ចខិតខំប្រឹងប្រែងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនទេ ប្រសិនជាគ្មានការរីកចម្រើនណាមួយនោះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មន្ត្រី Trump បានទទួលស្គាល់ជាឯកជនថា ឱកាសនៃកិច្ចព្រមព្រៀងសន្តិភាពដ៏ឆាប់រហ័សមួយក្នុងប្រទេសអ៊ុយក្រែន កាន់តែមានភាពស្ទាក់ស្ទើរ។
ហើយចំពោះការអត្ថាធិប្បាយរបស់ Rubio និងអ្នកការទូតអឺរ៉ុបបីនាក់ទៀតបាននិយាយថា បញ្ហានេះបានឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងនៅក្នុងសេតវិមានជុំវិញការឈ្លានពានរបស់រុស្ស៊ីដើម្បីបញ្ចប់សង្រ្គាម។
បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វឌ្ឍនភាពមួយចំនួនលើដំណោះស្រាយសន្តិភាពមួយត្រូវបានបង្កើតឡើងរួចហើយ ប៉ុន្តែទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនមានការលំបាក។
លោកបាននិយាយថា រុស្ស៊ីកំពុងខិតខំដោះស្រាយជម្លោះ ខណៈដែលធានាផលប្រយោជន៍ខ្លួន។ លោកបានបន្ថែមថា ទីក្រុងមូស្គូនៅតែបើកចំហរក្នុងការសន្ទនាជាមួយសហរដ្ឋអាមេរិក។
ចំណែកឯមន្ត្រីអាមេរិកក៏មានការខកចិត្តផងដែរ ចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅសប្តាហ៍នេះដែលថាបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff កំពុង "ផ្សព្វផ្សាយពីរុស្ស៊ី" ហើយបាននិយាយថាវាមិនមានប្រយោជន៍ចំពោះដំណើរការនេះទេ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា កន្លងទៅនេះ មានកិច្ចពិភាក្សានៅទីក្រុងប៉ារីសដែលចាត់ទុកថាជាការពិភាក្សាដ៏សំខាន់ កម្រិតខ្ពស់ និងដោយផ្ទាល់ជាលើកដំបូងទៅលើការជំរុញសន្តិភាពរបស់លោក Trump ដែលបានរួមបញ្ចូលទាំងមហាអំណាចអឺរ៉ុបចូលរួមផងដែរ។
រីឯអនុប្រធានាធិបតី JD Vance បាននិយាយនៅទីក្រុងរ៉ូម ខណៈដែលលោកបានជួបនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni រួចបាននិយាយថា លោកមានសុទិដ្ឋិនិយមថាសហរដ្ឋអាមេរិកអាចជួយបញ្ចប់ "សង្រ្គាមដ៏ព្រៃផ្សៃបំផុត" នេះបាន។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា ភាគីទាំងពីរនឹងធ្វើកិច្ចចរចាឡើងវិញនៅទីក្រុងឡុងដ៍នៅសប្តាហ៍ក្រោយ ដោយផ្តល់ពេលវេលាដល់អ៊ុយក្រែនក្នុងការយល់ព្រមទាំងស្រុងចំពោះ "សន្លឹកកិច្ចការ" ដែលបង្ហាញដោយទីក្រុងវ៉ាស៊ីនតោន។
មន្ត្រីរូបនេះបាននិយាយថា ទីក្រុង Kyiv បានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ដ៏ទូលំទូលាយមួយលើសមុទ្រ ផ្លូវគោក និងផ្លូវអាកាសយ៉ាងហោចណាស់ 30 ថ្ងៃ ឬយូរជាងនេះ។

