
សៀមរាប៖ អញ្ចឹងសោះ! ដឹងការពិតហើយ ករណី មន្ត្រីយោធាម្នាក់ ប្រើអំពើហិង្សាទៅលើស្ត្រីមេម៉ាយកូនប្រាំ ក្នុងកម្មវិធផឹកស៊ីនៅផ្ទះលោកអភិបាលររងស្រុកពួក ខេត្តសៀមរាប គឺផ្តើមឡើងដោយសារផឹកសុខបាត់ដបស្រាដោយភាពគីជនបង្កចោទលើស្ត្រីរងគ្រោះជាអ្នកលួចយកទៅលាក់។
ក្រោយមានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងមានចែករំលែងលើបណ្តាញសង្គមព្រោងព្រាត អំពីករណីអំពើហិង្សាលើស្ត្រីមេម៉ាយកូនប្រាំពីសំណាក់មន្ត្រីយោធាក្នុងកម្មវិធីជួបជុំគ្នានៅលោកអភិបាលរងស្រុកពួករួចមក រដ្ឋបាលស្រុកពួក បានចេញមកធ្វើការបញ្ជាក់ថា៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ការបង្ហោះចុះផ្សាយលើបណ្តាញសង្គមថា «នៅស្រុកពួក ខេត្តសៀមរាប បុរសម្នាក់ រងការរិះគន់ប្រើអំពើហិង្សា លើស្ត្រីមេម៉ាយ ក្នុងវង់ផឹកស៊ី យ៉ាងព្រៃផ្សៃ ស្ថិតនៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប»។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកពួក សូមធ្វើការជម្រាប ជូនសាធារណៈជនដូចខាងក្រោម៖
- ចំពោះករណីប្រព្រឹត្តអំពើហិង្សានេះ គឺផ្តើមចេញពីទំនាស់ពាក្យសម្តីរឿងបាត់ (ស្រាដប) រវាងឈ្មោះ ប៊ូ ហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មន្ត្រីយោធា ដោយចោទថា ឈ្មោះ សា ខាវី ជាស្ត្រីមេម៉ាយ បានលួចស្រារបស់ខ្លួន រហូតដល់កើតឡើងជាអំពើហិង្សា នៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងជាលក្ខណៈគ្រួសារ។
- ករណីអំពើហិង្សានេះ គឺកើតឡើងរវាងបុគ្គល និងបុគ្គល មិនពាក់ព័ន្ធនឹង លោកអភិបាលរងស្រុកពួកទេ ដោយសារនៅក្នុងហេតុការណ៍នោះ លោកមិនបាននៅគេហដ្ឋានទេ ដោយលោកជាប់រវល់ចូលរួមកម្មវិធី១ទៀត នៅក្នុងក្រុងសៀមរាប តាំងពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ទើបត្រឡប់មកគេហដ្ឋានវិញ។ លុះព្រឹកឡើងថ្ងៃបន្ទាប់ ភរិយាបានប្រាប់ពីហេតុការណ៍ឱ្យលោកបានដឹង និងប្រាប់ថា ឈ្មោះ សា ខាវី ដែលជាស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត។
រដ្ឋបាលស្រុកពួក បានបំភ្លឺទៀតថា ចំពោះករណីនេះ លោកគិតថា ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ហើយលោកក៏មិនបានធ្វើការសួរនាំ ឬអន្តរាគមន៍អ្វីឡើយ ចំពោះករណីហិង្សានេះ។ រីឯការលើកឡើងថា «ស្រាដបមានតម្លៃរាប់ពាន់ដុល្លារ គឺមិនមែនជាការពិតនោះទេ ដែលស្រានោះម៉ាក Esprit de Pavie ផលិតឆ្នាំ២០១៨ មានតម្លៃប្រហែលជាង ១០ដុល្លារតែប៉ុណ្ណោះ»។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុកពួក បានជំរុញឱ្យអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាល រដ្ឋបាលខ្នាត បន្តនីតិវិធីករណីនេះឱ្យបានលឿនបំផុត៕

