2025-04-22 16:53
17

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក ជាពិសេស ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ដែលជារតនសម្បត្តិរបស់ជាតិ។ 

បើតាមឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា៖ «នេះជាភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ»។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់អនុសាសន៍ដល់អង្គការបន្តចូលរួមគាំទ្រក្នុងការងារព្រៃឈើ និងគិតគូរលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់ ធ្វើយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍឱ្យមាននិរន្តរភាព។ 
ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា «សម្រាប់ក្រសួងកសិកម្ម អង្គការ WWF ជាដៃគូដ៏ល្អ ហើយក្រសួងនឹងបន្តសហការជាមួយអង្គការ WWF លើគម្រោងដែលមានស្រាប់ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់»៕