2025-04-22 17:00
19

ភ្នំពេញ៖ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុកបើទោះបីជាសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ ដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។ 

ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង ១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មី រហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើងឥតស្រាកស្រាន្ត ដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើងជិត ១០ ករណី និងឃាត់ខ្លួនយុវជនជិត២០។ 

ជុំវិញករណីក្មេងទំនើងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «នេះគឺជាការបង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹងរបស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច»។ 

យ៉ាងណាមិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើង ដែលឧស្សាហ៍ធ្វើសកម្មភាពគ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មី ព្រោះសមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីនេះដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕