2025-04-25 21:30
32

កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចែកបណ្ណកម្មសិទ្ធ ជំហានទី១ ជូនដល់អតិថិជនរបស់ «គម្រោង បុរី ម៉ន ដានី ទី២៩» សរុបចំនួន ១ ០៩៧បណ្ណ នៅថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ នៅបរិវេសទីស្តីការក្រសួងរៀបចំដែនដីផ្ទាល់។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី ប្រកាសជូនដំណឹងដល់លោក លោកស្រី ដែលជាអតិថិជនរបស់ «បុរី ម៉ន ដានី គម្រោងទី២៩» ដែលមានឈ្មោះក្នុងបញ្ជី ចំនួន ១ ០៩៧ក្បាលដី មកទទួលបណ្ណកម្មសិទ្ធិ ជំហានទី១ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមពេលកំណត់ ដែលមាននៅក្នុងបញ្ជីឈ្មោះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូន លោក លោកស្រី ដែលជាអតិថិជនរបស់ បុរី ម៉ន ដានី គម្រោងទី២៩ ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឱ្យបាន ជ្រាបថា «ក្រសួងនឹងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជន បុរី ម៉ន ដានី គម្រោងទី២៩ ដែលបានបង់ប្រាក់គ្រប់ ចំនួន ១០០% ជំហានទី១ ចំនួន ១ ០៩៧ បណ្ណ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣និង០០នាទីរសៀល នៅសាលសន្និបាត ២០២១ ជាន់ទី២ ទីស្តីការរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»។ 

ក្រសួងបានបញ្ជាក់ថា លោក លោកស្រី អញ្ជើញចូលរួម ដោយបំពេញលក្ខខណ្ឌដូចតទៅ៖ ទី១- អតិថិជនដែលជាម្ចាស់កម្មសិទ្ធិ ត្រូវអញ្ជើញមកដោយផ្ទាល់។ ក្នុងករណីទ្រព្យរួមប្តី-ប្រពន្ធសូមអញ្ជើញមកទាំងពីរនាក់ប្តី និងប្រពន្ធ។ សូមយកមកជាមួយនូវច្បាប់ដើមនៃបង្កាន់ដៃទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងទី២៖ សូមជូនភ្ជាប់បញ្ជីឈ្មោះអតិថិជនដែលជាកម្មសិទ្ធិករ នៃក្បាលដីទាំង ១ ០៩៧ ក្បាលដី ដែលត្រូវអញ្ជើញមកទទួលបណ្ណកម្មសិទ្ធិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕