
ជាលទ្ធបឋមក្រុមការងារជំនាញ និងអាជ្ញាធរចម្រុះបានរកឃើញថា៖ «ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. បើកដំណើរការនៅដើមឆ្នាំ២០២០ ជាប្រភេទ សិប្បកម្មផលិតដំណាប់ស្វាយ ដោយប្រើប្រាស់ស្វាយស្រស់ដែលមានបរិមាណប្រហែល ៣០តោន/ថ្ងៃ និងប្រើប្រាស់ទឹកប្រមាណ ៣០ ម៉ែត្រគូប/ថ្ងៃ ពីប្រភពទឹកស្អាត។ ក្រុមហ៊ុនពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលអាងស្ដុក រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈទុយោបង្កប់ក្រោមដីតែម្តង»។
តាមរបាយការណ៍បានបញ្ជាក់ទៀតថា ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយនេះ មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ ក្រុមការងារបានយកសំណាកទឹក ចំនួន ០២ សំណាក នៅចុងទុយោជាប់មាត់ព្រែកត្នោត។ ជារួមករណី បំពុលទឹកព្រែកត្នោត គឺបង្កឡើងដោយ ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. បានបូមបង្ហូរសំណល់រាវចូលព្រែកត្នោតដោយផ្ទាល់ពុំបានធ្វើប្រព្រឹត្តិកម្មសម្អាត។
ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ អនុក្រឹត្យលេខ២៧ អនក្រ.បក ស្ដីពី ការត្រួតពិនិត្យការបំពុលទឹក និងសារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ដីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈរបស់រាជរដ្ឋាភិបាល ជាវិធានការចំពោះក្រុមហ៊ុន រួមមាន៖ ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រភពទឹកសាធារណៈ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះតទៅ និងត្រូវធ្វើការកាត់ផ្តាច់ទុយោនៅខាងមុខក្រុមហ៊ុន។ ត្រូវធ្វើការរុះរើទុយោបង្កប់ចេញឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាកំហិត និងស្នើដល់អាជ្ញាធរមូលដ្ឋាន តាមដានការអនុវត្តរបស់ក្រុមហ៊ុន និងធ្វើការផាកពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៨២៩ មាត្រា ១៥៦ មាត្រា ១៦០ មាត្រា ២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពី ការត្រួតពិនិត្យការបំពុលទឹក។
ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុនផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ២៨៧។ នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនផ្ដល់សេវាដែលទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការបូមសម្អាតសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន។
ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យបរិស្ថានផ្សេងទៀត យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៦៥០ និងត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ អនុលោមតាមមាត្រា១៦២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ត្រូវធ្វើការស្ដារស្ទឹងព្រែកត្នោតដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរទ្បើងវិញ អនុលោមតាមមាត្រា ៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕






