
អ៊ីស្លាម៉ាបាដ/វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី ០៧ ខែ ឧសភា កន្លងទៅ យោងតាមការបញ្ជាក់ពីមន្រីអាមេរិកពីររូបបានប្រាប់ រ៉យទ័រ ដោយបានធ្វើការកត់សម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យន្តហោះចម្បាំងទំនើបរបស់ទីក្រុងប៉េកាំង ដោយយន្តហោះចម្បាំងកំពូលមួយរបស់ប៉ាគីស្ថានដែលផលិតដោយចិន បានបាញ់ទម្លាក់យន្តហោះយោធាឥណ្ឌាយ៉ាងហោចណាស់ចំនួនពីរគ្រឿង។
ការសម្តែងចេញរបស់យន្តហោះចម្បាំងចិនឈានមុខគេ ប្រឆាំងនឹងគូប្រជែងលោកខាងលិចកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ក្នុងទីក្រុងវ៉ាស៊ីនតោនដើម្បីជាការតាមដានអំពីរបៀបដែលទីក្រុងប៉េកាំង អាចឈានដល់ការប្រយុទ្ធណាមួយនៅលើកោះតៃវ៉ាន់ ឬតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យោងតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ប៉ាគីស្ថានមានទំនុកចិត្តខ្ពស់ដែលបានប្រើប្រាស់យន្តហោះ J-10 ដែលផលិតដោយចិនដើម្បីបាញ់មីស៊ីលពីអាកាសទៅអាកាសប្រឆាំងនឹងយន្តហោះចម្បាំងឥណ្ឌា ដោយបានទម្លាក់យ៉ាងហោចណាស់យន្តហោះយោធាឥណ្ឌាចំនួនពីរ។
ក្នុងចំណោមនោះមន្ត្រីម្នាក់ទៀតក៏បាននិយាយដែរថា យ៉ាងហោចណាស់យន្តហោះឥណ្ឌាមួយគ្រឿងដែលត្រូវបានគេបាញ់ទម្លាក់គឺជាយន្តហោះចម្បាំង Rafale ដែលផលិតដោយបារាំង។
យ៉ាងណាមិញ ឥណ្ឌា មិនបានទទួលស្គាល់ការបាត់បង់យន្តហោះណាមួយរបស់ខ្លួនទេ ហើយជំនួសមកវិញ ឥណ្ឌា បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយជោគជ័យក្នុងការប្រឆាំងនឹងអ្វីដែលខ្លួនបាននិយាយថាជាហេដ្ឋារចនាសម្ព័ន្ធ "ភេរវករ" នៅក្នុងប្រទេសប៉ាគីស្ថាន។
បន្ថែមពីនេះ ក្រោយពីមានជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន ប្រទេសដែលជាមហាអំណាចពិភពលោកចាប់ពីសហរដ្ឋអាមេរិក រហូតដល់រុស្ស៊ីនិងចិន បានធ្វើការអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងតំបន់មួយចំនួនក្នុងចំណោមតំបន់ដែលមានគ្រោះថ្នាក់បំផុត និងមានប្រជាជនច្រើនជាងគេលើពិភពលោក ដែលជាចំណុចផ្ទុះនុយក្លេអ៊ែរ៕
