2025-05-09 14:14
14

ឡុងដ៍៖ កាលពីថ្ងៃទី០៨ ខែឧសភា ម្សិលមិញនេះ លោក Bill Gates បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ២០០ ពាន់លានដុល្លារ តាមរយៈមូលនិធិសប្បុរសធម៌របស់គាត់នៅឆ្នាំ ២០៤៥ ខាងមុខ ក្នុងនោះ លោកក៏បានរិះគន់ទៅកាន់ Elon Musk ដោយលោកបានចោទប្រកាន់បុរសដែលមានបំផុតរបស់ពិភពលោកថា "បានសម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក" តាមរយៈការកាត់បន្ថយថវិកាជំនួយបរទេសដ៏ធំរបស់សហរដ្ឋអាមេរិក។

មហាសេដ្ឋីវ័យ 69 ឆ្នាំដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយថាគាត់កំពុងពន្លឿនផែនការរបស់គាត់ ក្នុងការបែងចែកទ្រព្យសម្បត្តិរបស់គាត់ស្ទើរតែទាំងអស់ ហើយនឹងបិទមូនិធិនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2045 ដែលមានន័យថាគឺលឿនជាងការគ្រោងទុកកាលពីមុន។ 

លោក Bill Gates បាននិយាយថា គាត់ជឿថា ប្រាក់នេះនឹងជួយសម្រេចបាននូវគោលដៅជាច្រើនរបស់គាត់ ដូចជាការលុបបំបាត់ជំងឺដូចជា ជំងឺស្វិតដៃជើង និងគ្រុនចាញ់ ការបញ្ចប់ការស្លាប់ដែលអាចការពារបានក្នុងចំណោមស្ត្រីនិងកុមារ ក៏ដូចជាកាត់បន្ថយភាពក្រីក្រសកលជាដើម។ បន្ថែមពីនេះ លោក Gates បានប្រាប់កាសែត Financial Times ថា "រូបភាពរបស់បុរសមានបំផុតលើពិភពលោក ដែលសម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក មិនមែនជារូបភាពដែលស្អាតនោះទេ"។

ការប្រកាសរបស់ Bill Gates បានធ្វើឡើងបន្ទាប់ពីមានចំណាត់ការរបស់រដ្ឋាភិបាល រួមទាំងរដ្ឋបាល Trump ក្នុងការកាត់បន្ថយថវិកាជំនួយអន្តរជាតិដែលប្រើដើម្បីការពារជំងឺដ៏សាហាវ និងគ្រោះទុរ្ភិក្ស។

គួរឲ្យដឹងថា ចំពោះការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកត្រូវបានត្រួតពិនិត្យដោយ Elon Musk ដែលធ្លាប់បានអួតជាសាធារណៈអំពីការផ្តល់អាហារដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។
 
ដោយប្រហែល 80% នៃកម្មវិធី USAID ត្រូវបានកំណត់ឱ្យកាត់បន្ថយ។ រីឯទីភ្នាក់ងារនេះបានចំណាយថវិកាចំនួន 44 ពាន់លានដុល្លារទូទាំងពិភពលោកនៅក្នុងសារពើពន្ធ ក្នុងឆ្នាំ 2023 ។

គួរបញ្ជាក់ឲ្យដឹងថា ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Bill Gate មានតម្លៃប្រហែល 108 ពាន់លានដុល្លារ ដោយមហាសេដ្ឋីរូបនេះនឹងចំណាយប្រហែល 99% នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកតាមរយៈមូនិធិសប្បុរសធម៌ ដោយនៅក្នុងនោះលោកមានការរំពឹងថា មូលនិធិនេះនឹងចំណាយប្រហែល 200 ពាន់លានដុល្លារនៅឆ្នាំ 2045 ដោយតួលេខចុងក្រោយគឺពឹងផ្អែកលើទីផ្សារ និងអតិផរណា។

លើសពីនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក Gates បានព្រមានអំពីការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជាច្រើនទសវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណភាពក្នុងរយៈពេលពី 4 ទៅ 6 ឆ្នាំខាងមុខ ដោយសារតែការកាត់បន្ថយមូលនិធិដោយរដ្ឋាភិបាលទូទាំងពិភពលោក៕