
សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា «ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប ១០ សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ»។
លោក សយ សុភារិន្ទ បានបញ្ជាក់ថា៖ «មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ដោយសារកត្តាធម្មជាតិ លាមក និងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។»
សូមជម្រាបថា គម្រោងអភិរក្ស និងជួសជុលសសរនៅរួតបាកានអង្គរវត្ត បានចាប់ផ្តើមនៅខែក្នុងកុម្ភៈ ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជួសជុលបាន ចំនួន ៩ សសរ ក្នុងចំណោម ១០ សសរ ដែលគិតជាទំហំការងារ បានប្រហែល ៨០ ភាគរយហើយ៕


