
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានឆ្លើយតបអ្ននឹងសំណួរអ្នកសារព័ត៌មាន ក្រោយបាតុកម្មមួយបានកើតឡើងនៅមុខស្ថានទូតកម្ពុជានៅទីក្រុងបាងកក នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា៖ «កម្ពុជា បដិសេធចំពោះការចោទប្រកាន់ថា កងទ័ពរបស់កម្ពុជា ដែលឈរជើងតាមបន្ទាត់ព្រំដែនបានរំលោភអធិបតេយ្យភាពរបស់ប្រទេថៃ»។
លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ០៥និង៣០នាទី មានករណីបាញ់ប្រហារកើតឡើងនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងយោធាថៃ បានបាញ់ប្រហារមកលើទីតាំងប៉ុស្តិ៍យោធារបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាទឹកដីកម្ពុជាជាយូរមកហើយ។ ការបាញ់ប្រហារនេះបានបណ្តាលឲ្យទាហានកម្ពុជាម្នាក់ស្លាប់ ដ៏គួរឱ្យសោកស្តាយ។
លោក ជុំ សុន្ទរី បានថ្លែងថា សកម្មភាពនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរនៃអធិបតេយ្យភាពកម្ពុជា និងជាការបំពានលើអនុស្សារណៈយោគយល់ (MOU) ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ នៅខែមិថុនា ឆ្នាំ២០០០ ដែលមានគោលបំណងថែរក្សាសន្តិភាព និងស្ថេរភាពតាមបណ្តោយព្រំដែនជាពិសេសតំបន់មានទំនាស់។
កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការផ្លាស់ប្តូរព្រំដែនរួមទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ដោយផ្អែកលើវិធានសន្តិ និងច្បាប់អន្តរជាតិ កម្ពុជាប្តេជ្ញានឹងដោះស្រាយជម្លោះដោយសន្តិវិធី៕
