2025-06-17 15:47
21

ភ្នំពេញ៖  សមត្ថកិច្ចកម្ពុជាប្រចាំការតាមច្រទ្វាព្រំដែនកម្ពុជា-ថៃ ដែលជាប្រតិបត្តិករទទួលខុសត្រូវនីមួយៗបានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើនាំចូលពីប្រទេសថៃមកកម្ពុជា បន្ទាប់ពីឱសានវាទ២៤ម៉ោងដល់ពេលកំណត់។  គួរឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេច តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្ដេច បានអញ្ជើញថ្លែងសារពិសេសពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ថា “ករណីថៃមិនបើកច្រកព្រំដែនឲ្យដូចដើមវិញក្នុងរយៈពេល ២៤ម៉ោង កម្ពុជានិងបិទការនាំចូលផ្លែឈើ និងបន្លែពីថៃមកកម្ពុជា។”

បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា៖ «ជាការពិតណាស់ស្ថានភាពព្រំដែនកម្ពុជា-ថៃ បានបិទហើយចំពោះការនាំចូលបន្លែ និងផ្លែឈើមកកម្ពុជា តាមបទបញ្ជារបស់សម្តេចប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ក្នុងនោះក្រសួងមហាផ្ទៃ មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាប្រតិបត្តិករគ្រប់គ្រងតាមចក្រព្រំដែននីមួយៗ»។

លោក ទូច សុឃៈ បានបន្ថែមទៀតថា៖ «ចំពោះការបិទនេះ គឺបិទតែការនាំចូលបន្លែរបង្កា ផ្លែឈើ និងសម្ភារៈប្រើប្រាស់មួយចំនួនដែលនាំចូលពីប្រទេសថៃមកកម្ពុជា ក្នុងមួយថ្ងៃៗរាប់រយឡានឯណោះ និងខ្លះទៀតនាំចេញទៅប្រទេសផ្សេងទៀត។ ដោយឡែកសម្រាប់ការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋ  គឺដំណើរការជាធម្មតា រងចាំមានគោលការបន្ថែមតាមស្ថានការណ៍ប្រែប្រួលជាក់ស្តែង ហើយប្រជាពលរដ្ឋខ្មែរជាពលករធ្វើការងារនៅប្រទេសថៃ បន្តនាំគ្នាវិលត្រឡប់ចូលប្រទេសវិញ ដែលក្នុងមួយថ្ងៃមានចន្លោះពី៨០០ទៅជាង១០០០នាក់»។

អ្នកនាំពាក្យរងបានបន្ថែមថា៖ «ការបិទមិនឲ្យនាំបន្លែបង្កា និងផ្លែឈើពីប្រទេសថៃចូលមកកម្ពុជានេះ មិនមែនជាការប្រកាសសង្គ្រាម ឬយកប្រទេសថៃជាសត្រូវនោះទេ ព្រោះជាសិទ្ធរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជភាព ដោយសារអ្វីៗ គឺចាប់ផ្តើមពីភាគីយោធាថៃមុន។អញ្ចឹងបញ្ហាផ្ទៃក្នុងរបស់ខ្លួនត្រូវដោះឲ្យបញ្ចប់ទៅភាគីកម្ពុជាដើរតាមក្រោយ»។

តាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «កម្ពុជាគ្មានបំណងបង្កអរិយភាពរវាងគ្នានិងគ្នាក្នុងនាមអ្នកជិតខាងនោះទេ ជាពិសេសក្នុងនាមសមាជិកអាស៊ាន និងសមាជិកអង្គការសហប្រជាតិជាមួយគ្នា ប៉ុន្តែកម្ពុជារក្សាជំហរការពារអធិបតេយ្យភាពជាតិ ឯករាជភាព បូរណភាពទឹកដី កិត្តិយសរបស់ជាតិ ស្របតាមច្បាប់អន្តរជាតិ មិនអាចចេះតែមកបំពាបំពានបានដាច់ខាត»៕ 

តាមការឲ្យពីលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងប្រាប់សារព័ត៌មានថា  នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា ។
យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍ថា នៅថ្ងៃអង្គារនេះថា រថយន្ដដឹកទំនិញរបស់ថៃ ប្រហែល ៣០គ្រឿង បានសន្ទះកកកុញ នៅច្រកព្រំដែនអន្តរជាតិ ហាតឡេក នៅក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ចូលគ្រប់ច្រកព្រំដែនទាំងអស់ដែលមានជាមួយកម្ពុជា។