
ភ្នំពេញ៖ ជុំវិញការបិទមិនឲ្យមានការនាំចូលបន្លែរ បង្ការ និងផ្លែឈើចូលមកពីប្រទេសថៃ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ នារសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនានេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន»។
ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស»។
សូមជម្រាបថា កាលថ្ងៃចន្ទម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា៖ «បើពុំមានការសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ សម្តេចបវរធិបតី និងនាយករដ្ឋមន្ត្រីថៃទេ កម្ពុជានឹងបិទពុំឲ្យមានការនាំចូលបន្លែ និងផ្លែឈើមកកម្ពុជាទូទាំងព្រំដែន ដោយកម្ពុជាទុកពេលឲ្យ ២៤ ម៉ោងទៀត បើពុំមានការបើកច្រកព្រំដែនឲ្យដូចដើមទេនោះ»។
ក្រោយផុផុតឱសានវាទ! នៅថ្ងៃទី១៧ ខែមិថុនានេះ កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់ ដើម្បីឆ្លើយតបការគំរាមកំហែង និងប្រមាថពីសំណាក់យោធាថៃតែម្តង៕


