2025-07-17 09:50
18

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាម នឹងហាមឃាត់ការប្រើប្រាស់ទោចក្រយាយន្ត (ម៉ូតូ) ដែលប្រើឥន្ធនៈហ្វូស៊ីល នៅកណ្តាលរដ្ឋធានីហាណូយ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ទូទាំងប្រទេសនេះ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។ បច្ចុប្បន្ននេះ ប្រជាជនវៀតណាម ចំនួន ៨ លាននាក់ កំពុងប្រមាស់ទោចក្រយានយន្ត (ម៉ូតូ) គឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់នៅក្នុងទីក្រុងហាណូយ។ 

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម បានចេញសេចក្តីណែនាំឱ្យ មានការអនុវត្តវិធានការ មិនអនុញ្ញាតឱ្យមានប្រើប្រាស់ម៉ូតូ ចាក់សាំងទៀតហើយ ចំពោះតំបន់ខាងក្នុង និងតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងធំ ដែលព័ទ្ធជុំវិញកណ្តាលទីក្រុងហាណូយ។ អាជ្ញាធរមូលដ្ឋាន ត្រូវបានប្រគល់ភារកិច្ចឱ្យ ចាត់វិធានការបញ្ឈប់កុំឱ្យមានអ្នកប្រើប្រាស់ម៉ូតូ តាមពេលវេលាកំណត់របស់រដ្ឋាភិបាល។

សូមបញ្ជាក់ថា នៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រជាជនកំពុងប្រើប្រាស់ម៉ូតូ ចំនួនប្រមាណ ៧ លានគ្រឿង និងរថយន្តជាង ១ លានគ្រឿង។ នៅពេល ដែលប្រជាជនមាន ប្រាក់ចំណូលកើនឡើង ភាគច្រើនប្តូរទៅប្រើប្រាស់យានយន្តឯកជនផ្ទាល់ខ្លួន ជំនួសការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈរួម។ ការបំពុលខ្យល់ពីការធ្វើដំណើ និងការស្ទះចរាចរណ៍ បានក្លាយជាកង្វល់កាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាល។ ទីក្រុងហាណូយ ជារឿយៗត្រូវបានគ្របដណ្ដប់ ដោយផ្សែងអ័ព្ទដ៏ក្រាស់ ដែលជាប់ចំណាត់ថ្នាក់ ក្នុងចំណោមទីក្រុង ដែលមានការបំពុលខ្លាំងបំផុត នៅទូទាំងពិភពលោក។

សម្រាប់ដំណាក់បន្ទាប់ រដ្ឋាភិបាលវៀតណាម គ្រោងនឹងចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៨ ដើម្បីពង្រីកការហាមប្រាម មិនឱ្យមានការប្រើប្រាស់ម៉ូតូ ចាក់ប្រេងឥន្ធនៈ ទៅកាន់តំបន់ផ្សេងទៀតកាន់តែទូលំទូលាយ និងរួមបញ្ចូលវិធានការច្បាប់ ចំពោះរាល់មធ្យោបាយដឹកជញ្ជូន ដោយទោចក្រយានយន្ត ដែលប្រើឥន្ធនៈហ្វូស៊ីល ខណៈពេល ដែលនឹងមានការដាក់កម្រិត លើរថយន្តដែលប្រើសាំង មួយចំនួនផងដែរ

វិធានការផ្សេងទៀត រួមមានការធ្វើឱ្យប្រសើរឡើង នូវរោងចក្រកែច្នៃកាកសំណល់ ការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីតាមដានការបំពុល និងការណែនាំ និងការពិន័យកាន់តែតឹងរ៉ឹង សម្រាប់អ្នកបំពាន។ អ្នកផ្តល់ព័ត៌មានអាចទទួលបានរង្វាន់ សម្រាប់ការរាយការណ៍ អំពីការបំពានបរិស្ថានផងដែរ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម បានផែនការផ្លាស់ប្តូរ ពីយាយន្តដើរដោយឥន្ធនៈហ្វូស៊ីល ទៅជារថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុល និងដោះស្រាយ ការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី EV ក្នុងស្រុកឈ្មោះ VinFast កំពុងនាំមុខការផ្លាស់ប្តូរ ដោយកាន់កាប់ចំណែកទីផ្សារ ជិតមួយភាគប្រាំ នេះបើយោងតាមព័ត៌មាន របស់សភាពាណិជ្ជកម្មអឺរ៉ុប។ ប៉ុន្តែវានៅតែជាចំណែកតូចមួយ នៃទីផ្សារទោចក្រយានយន្ត៕