2025-07-17 14:26
12

គូឡាឡាំពួរ ថ្ងៃទី ១៧ ខែកក្កដា (រ៉យទ័រ)៖ អាជ្ញាធរ បានចាប់ខ្លួនបុរសជាច្រើននាក់នៅក្នុងរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី កាលពីខែ មិថុនា កន្លងទៅ អំឡុងពេលនៃការប្រារព្ធ ពិធីជប់លៀងដែលស្រឡាញ់ភេទដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥ នេះ។

លោក Mohd Yusoff Mamat មេប៉ូលីសរដ្ឋ Kelantan បាននិយាយថា ប៉ូលីសបានចាប់ខ្លួនបុរសចំនួន ២០ នាក់ បន្ទាប់ពីទទួលបានការផ្តល់ព័ត៌មានជាសាធារណៈ ស្ថិតក្នុងរដ្ឋធានីរដ្ឋ Kota Bharu កាលពីខែមិថុនា កន្លងទៅ។ 

ដោយ លោក បានប្រាប់សន្និសីទសារព័ត៌មានថា ក្នុងអំឡុងពេលសាកសួរ បុរសទាំងនោះបានសារភាពថា ជាផ្នែកមួយនៃក្រុមស្រឡាញ់ភេទដូចគ្នា ។ 

លោក Mohd Yusoff បានបន្តថា បើទោះបីជាអាជ្ញាធររកមិនឃើញភ័ស្តុតាងណាមួយដែលអាចបញ្ជាក់បានថា សកម្មភាពដែលបុរសទាំង ២០ នាក់ខាងលើបានប្រព្រឹត្តផ្លូវភេទយ៉ាងណាក៏ដោយ តែប៉ូលីសបានរកឃើញស្រោមអនាម័យ និងថ្នាំព្យាបាលមេរោគអេដស៍នៅនឹងកន្លែងដែលពួកគេបានប្រារព្ធពិធីជប់លៀង។ 

មេប៉ូលីសរដ្ឋ Kelantan បន្ថែមថា ក្នុងនោះ ប៉ូលីសបានចោទប្រកាន់បុរសបីនាក់ពីបទកាន់កាប់សម្ភារៈអាសអាភាសភេទដូចគ្នានៅលើទូរស័ព្ទដៃរបស់ពួកគេ ប៉ុន្តែអាជ្ញាធរមិនអាចកាត់ទោសបុរសផ្សេងទៀតបានទេ ដោយសារនៅមិនទាន់មានច្បាប់ ឬភស្តុតាងជាក់លាក់ណាមួយដើម្បីចោទប្រកាន់ពួកគេ។ លោកបញ្ជាក់ថា៖ «យើងព្រួយបារម្ភចំពោះអាកប្បកិរិយាបែបនេះ... យើងនឹងបន្តតាមដានចលនានៃក្រុមស្រឡាញ់ភេទដូចគ្នា។»

តាមការចេញផ្សាយដោយ រ៉យទ័រ ដដែលបានឲ្យដឹងថា នៅក្នុងប្រទេសម៉ាឡេស៊ី ការស្រឡាញ់ភេទដូចគ្នាត្រូវបានចាត់ទុកជាអំពើឧក្រិដ្ឋកម្ម។ ក្នុងនោះ ក្រុមសិទ្ធិមនុស្សក៏បានព្រមានពីការកើនឡើង ដោយមិនមានការលើកលែងចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នា ខ្ទើយ ឬមនុស្សកែភេទជាដើម។ 

ម្យ៉ាងវិញទៀត សហគមន៍ LGBTQ បានប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងក្នុងប្រទេសម៉ាឡេស៊ី។ តួយ៉ាង ក្នុងឆ្នាំ ២០១៨ មានករណីស្ត្រីពីរនាក់ ត្រូវបានគេចាប់ដាក់ក្នុងបន្ទប់សវនាការដែលមើលឃើញដោយមនុស្សរាប់សិបនាក់ បន្ទាប់ពីពួកគេត្រូវបានកាត់ទោសពីបទប៉ុនប៉ងរួមភេទ ក្នុងនាមស្ត្រីស្រឡាញ់ភេទដូចគ្នា។

លើសពីនេះ យោងតាមក្រុមសិទ្ធិមនុស្ស Justice for Sisters និង Amnesty International បាននិយាយថា ខ្លឹមសារ LGBTQ មានស្ទើរតែពាក់កណ្តាលនៃការហាមឃាត់ជាសាធារណៈ នៅក្នុងប្រទេសម៉ាឡេស៊ីចន្លោះឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន៕