2025-07-28 15:11
42

ភ្នំពេញ៖ សង្គ្រាមឈ្លានពានទឹកដីពីសំណាក់ក្រុមយោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា រយៈពេល៥ថ្ងៃកន្លងមកនេះស្ថានភាពកាន់តែអាក្រក់ឡើងៗជាលំដាប់ ដោយភាគីថៃ ប្រើប្រាស់សព្វាវុធធន់ធ្ងន់ គ្រប់ប្រភេទ រួមទាំងដ្រូនពិឃាត ទម្លាប់គ្រាប់បែកចង្កោម យន្តហោះចម្បាំបាញ់ប្រហារដោយគ្រាប់រ៉ូកែត និងយន្តទម្លាក់គ្រាប់បែក និងបាញ់ផ្សែងពុលមកលើកទឹកដីកម្ពុជាយ៉ាងខ្លាំងខ្លាបំផុត។ 

បើទោះមានកិច្ចខិតខំប្រឹងប្រែង និងផ្តួចផ្តើមគំនិតពីសហគមន៍អន្តរជាតិ ដើម្បីឱ្យមាន “បទឈប់បាញ់បន្ទាន់” ជាពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចូលសម្របសម្រូលឱ្យភាគីទាំងពីរកាត់បន្ថយកំដៅ ដើម្បីស្វែងរកតុចរចាគោលបំណងសម្រេចឱ្យបាននូវបទឈប់បាញ់បន្ទាន់ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ បានយល់ព្រម និងឯកភាពតាមសំណើរឱ្យមានបទឈប់បាញ់បន្ទាន់ ប៉ុន្តែសកម្មភាពយោធាថៃនៅតែបើការបាញ់ប្រហារគ្មានបង្អង់ដៃឡើយមកលើកម្ពុជា។

អ្នកនាំពាក្យក្រសួការពារជាតិកម្ពុជា បានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឈានដល់ថ្ងៃទី៥ នៃសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើកម្ពុជា ដោយកងទ័ពថៃ បានប្រើប្រាស់សព្វាវុធធន់ធ្ងន់ គ្រប់ប្រភេទ ដាក់ពង្រាយកងទ័ពដ៏ច្រើនលើសលប់ ដើម្បីទន្ទ្រានរលោភយកទឹកដីរបស់ប្រទេសកម្ពុជា។ ទង្វើរបស់ភាគីថៃ បានបង្ហាញយ៉ាងច្បាស់អំពីការចេតនាក្នុងការរំលោភ និងបំពានលើធម្មនុញ្ញាអង្គការសហប្រជាតិ ធម្មនុញ្ញអាស៊ាន និងគោលការគ្រឹះនៃច្បាប់អន្តរជាតិ។

អ្នកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅថ្ងៃចន្ទនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សកម្មភាពដោយគ្មានទំនួលខុសត្រូវ និងខុសច្បាប់អន្តរជាតិបែបនេះ វាបានបង្កឱ្យមានអស្ថេរភាព និងអសន្តិសុខមិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពិភពលោកផងដែរ»។

អ្នកនាំពាក្យក្រសួងការពាតិបានបន្ថែមទៀតថា ចាប់តាំងពីម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ដល់ម៉ោង១៣និង០០នាទីយោធាថៃបានវាយជញ្រាំនៅតំបន់៥មករា ចំការចេក និងប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត។ នៅម៉ោង១៥និង១៧នាទី យន្តថៃបានបាញ់ «ផ្សែងពុល» ក្នុងតំបន់អានសេះ។ ម៉ោង១៦និង១២នាទី នៅទីតាំងជប់គគី និងថ្មដូន យោធាថៃបានបាញ់ផ្លោលចូលទីតាំងរបស់កម្ពុជា និងនៅប្រាសាទតាមាន់ធំ និងតាក្របីថៃបានផ្លោងគ្រាប់ចូលដូចទឹកភ្លៀង ក្នុងនោះតំបន់ភ្នំខ្មោច ៥មករា និងអានសេះ ថៃកាន់វាយសម្រុកគ្មានដកដៃឡើយ។

មន្ត្រីនៃអ្នកនាំពាក្យ បានបញ្ជាក់ទៀតថា នៅម៉ោង ១៣និង១០នាទី រហូតដល់ម៉ោង ១៦និង០០នាទី ថៃបានប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ូកែតជាច្រើនចូលតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងជាច្រើនទៀតក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នៅម៉ោង ១៦និង៤៨នាទី ថៃចាប់ផ្តើមវាយប្រហារនៅតំបន់មុំបី លុះម៉ោង១៧និង០៦នាទីយោធាថៃ បានប្រើយន្តហោះ ដ្រូនអត្តឃាត “ទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុល” ក្នុងតំបន់ភ្នំខ្មោច។  លុះរហូតដល់ថ្ងៃទី២៨ ខែកក្កដា បើទោះបីមានការកំណត់នូវកិច្ចប្រជុំពិសេសរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងសម្រចឱ្យបាននូវ “បទឈប់បាញ់បន្ទាន់” ស្រាប់តែនៅម៉ោង០៣រំលងអធ្រាត្រយោធាថៃ បានបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី បាញ់ស្រោចរហូតដល់ម៉ោង៥ភ្លឺ។

លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «បើទោះបីជាយោធាថៃប្រើប្រាស់អាវុធធន់ធ្ងន់ស្រោចដូចភ្លៀង យន្តហោះចម្បាំងបាញ់គ្រាប់រ៉ូកែត ដ្រូនពិឃាតទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុលមកលើកងទ័ពកម្ពុជាយ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានឈរជើងយ៉ាងរឹងមាំ តស៊ូប្រយុទ្ធយ៉ាងស្វាហាប់ មិនញញើតសត្រូវឈ្លានពានឡើយ»៕