
ថៃ៖ កងទ័ពភូមិន្ទថៃបានប្រកាសថា នៅថ្ងៃទី ១ សីហា ស្អែកនេះ ពួកគេនឹងនាំយកឯកអគ្គរដ្ឋទូតយោធា និងអ្នកការទូតមកពីប្រទេសមួយចំនួន រួមជាមួយនឹងអ្នកផ្សព្វផ្សាយអន្តរជាតិជាង ១០នាក់បន្ថែមទៀត ដើម្បីទៅពិនិត្យការខូចខាតក្នុងប្រទេសថៃ ជុំវិញការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ។
យោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកថៃ Khaosod នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយទោ វិនថៃ សូវ៉ារី (Winthai Suvari) អ្នកនាំពាក្យកងទ័ពថៃ បាននិយាយអំពីការដាក់ពង្រាយយោធានៅតាមតំបន់ព្រំដែន ដើម្បីសង្កេតមើលការខូចខាតដែលបណ្តាលមកពីការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ ។ លោក បន្តថា ចំពោះចំនួនមន្ត្រីយោធាដែលត្រូវចុះមកពិនិត្យការខូចខាតនេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
ឧត្តមសេនីយ Winthai បានបន្ថែមថា លោកជឿថា មានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន រួមទាំងតំណាងមកពីបរទេស ដែលធ្វើការក្នុងស្ថាប័នរដ្ឋាភិបាលចាប់អារម្មណ៍លើប្រទេសថៃ ពិសេសដូចជាមន្ត្រីយោធាជាដើម។
អ្នកនាំពាក្យកងទ័ពថៃរូបនេះបានបញ្ជាក់ទៀតថា បុគ្គលដែលត្រូវបានអញ្ជើញដោយកងទ័ពក្នុងការទៅត្រួតពិនិត្យតំបន់ខូចខាត ដែលបង្កឡើងដោយការផ្ទុះអាវុធនេះ នឹងដើរតួនាទីក្នុងការទំនាក់ទំនងព័ត៌មាន ប្រកបដោយគុណភាព ពិសេសទាក់ទងនឹងរូបភាពនៅក្នុងប្រទេសថៃ ទាំងព័ត៌មានយោធា និងព័ត៌មានរបស់រដ្ឋាភិបាល ដើម្បីធានាថា វាជាការពិត មិនមែនជាការបំភ្លៃ។
លោកបន្តថា កងទ័ពថៃនឹងផ្តល់អង្គហេតុទាក់ទងនឹងការដែលកម្ពុជាបានបង្កលើជនស៊ីវិលថៃ រួមទាំងការខូចខាតដល់មន្ទីរពេទ្យចំនួន ២០ ទៀតផងដែរ៕
