2025-07-31 11:18
18

លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ ព្រឹកថ្ងៃព្រហស្សតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអះអាងប្រាប់ប្រព័ន្ធឃោសនាក្នុងស្រុកថា «ការដោះលេងកងទ័ពកម្ពុជាដែលត្រូវបានចាប់ខ្លួន ឱ្យទៅវិញ លុះត្រាតែកងទ័ពថៃ បញ្ចប់នីតិវិធីតាមច្បាប់សិន មុនពេលបញ្ជូនឱ្យត្រឡប់មកកម្ពុជា»។

ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ឱ្យដឹងថា៖ «មេបញ្ជាការភូមិភាគទី២ លោកឧត្តមសេនីយ៍ Boonsin Padklang បានបំភ្លឺជូនអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលជាអ្នកសម្របសម្រួល ផ្ទៀងផ្ទាត់ និងត្រួពិនិត្យបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក្នុងនាមជាប្រទេសប្រធានអាស៊ានប្តូរវេន រួចហើយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងមកថា «កងទ័ពថៃ នឹងគោរពតាមលក្ខខណ្ឌច្បាប់អន្តរជាតិ និងពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ទាហានកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។ ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃមិនបញ្ជាក់នៅពេលណាឡើយ តើត្រូវចំណាយពេលប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ទើបដំណើរការផ្លូវច្បាប់ត្រូវបានបញ្ចប់ហើយបញ្ជូនមកឱ្យកម្ពុជាវិញ»។

សូមជម្រាបថា នៅព្រឹកថ្ងៃព្រហស្សតិ៍នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឍឹមថា «កងទ័ពថៃ នឹងធ្វើការបញ្ជូនយោធិនកម្ពុជាទាំងអស់ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើសុំឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញផងដែរ។

បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ ឱ្យជួយជំរុញការដោះលែងកងទ័ពកម្ពុជាឲ្យបានឆាប់ផងដែរ៕