
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ក្រសួងការពារជាតិ សូមច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលលើកឡើងថា “មានការប្រយុទ្ធគ្នាកើតឡើង ដោយមិនគោរពបទឈប់បាញ់”។
ការច្រានចោលរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ខ រវាងកងទ័ពកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះក៏មានកិច្ចប្រជុំកម្រិតភូមិភាគនៃប្រទេសទាំងពីរ រួមមាន យោធភូមិភាគទី៥, ទី៤ និងទី៣ របស់កម្ពុជា នឹជួបប្រជុំជាមួយភូមិភាគទី១, ទី២ និងបញ្ជាកាដ្ឋានការពារព្រំដែនខេត្តច័ន្ទបូរី និងត្រាតរបស់ថៃ ដើម្បីជួបពិភាក្សាគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា «ក្រោយលទ្ធផលនៃកិច្ចប្រជុំមាន “បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ” ចាប់ពីម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា នៅតាមយោធភូមិភាគទាំងអស់មិនមានការផ្ទុះអាវុធដាក់គ្នាទៀតទេ ខណៈយោធភូមិភាគមួយចំនួនបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់»។
បន្ទាប់ពីបទឈប់បាញ់បន្ទាន់ចូលជាធរមាន លក្ខខណ្ឌមួយចំនួន ០៣ ដែលភាគីកម្ពុជា-ថៃ ត្រូវអនុវត្ត គឺ៖ ទី១- បញ្ឈប់ការបាញ់គ្នា, ២- មិនឱ្យមានការចល័តទ័ព ឬការបន្ថែមទ័ព, ៣- រក្សាទីតាំងដដែល រាប់ចាប់ពីម៉ោង១២ យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ទី៤- ត្រូវបង្កើតក្រុមការងារទំនាក់ទំនងមួយ ដើម្បីធ្វើការងារជាមួយគ្នា។
កម្ពុជា បានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួម នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទម្សិលមិញ។ កម្ពុជា បានប្តេជ្ញាចិត្ត៕