2025-07-29 13:08
56

ភ្នំពេញ៖       ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែកក្លកដា ឆ្នាំ២០២៥ បានលើកឡើងថា ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពី “បទឈប់បាញ់” ដែលចូលជាធរមានចាប់ពីយប់ថ្ងៃចន្ទ ទី២៨ ខែកក្កដា និងការចាប់ផ្តើមកិច្ចសន្ទនា រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដានេះ។ 

ប្រទេសបារាំងអំពាវនាវឱ្យមានការអនុវត្ត “បទឈប់បាញ់” ប្រកបដោយប្រសិទ្ធភាព។ បារាំងសូមវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ហើយបារាំងសូមគូសបញ្ជាក់ជាថ្មីពីការគាំទ្រដល់មជ្ឈភាពអាស៊ានក្នុងការដោះស្រាយជម្លោះនានាក្នុងតំបន់។

បារាំង បានបញ្ជាក់ថា៖ «ការវិវត្តគួឱ្យកត់សម្គាល់នេះ គឺជាចំណុចចាប់ផ្តើម នៃការដោះស្រាយជម្លោះប្រកបដោយចីរភាព តាមមាគ៌ាសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ប្រទេសបារាំងត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ជាពិសេសកិច្ចខិតខំប្រែងប្រែងរបស់អាស៊ាន»