2025-08-04 14:00
8

ភ្នំពេញ៖ គិតត្រឹមម៉ោង ១០និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ សភាពការណ៍នៅជួរមុខខេត្តព្រះវិហារ និងឧត្តមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតាគ្មានការផ្ទុះអាវុធនោះទេ។ ខណៈប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា (GBC) បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី០៤-០៦ ខែសីហា និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។

នេះជាការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  សម្រាប់ព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «ទោះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើង បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកពីការឈ្លានពានពីសត្រូវ។ កម្ពុជា គោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ»៕