2025-08-04 14:23
8

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានរំលេចថា «ចំណុចខ្លាំងរបស់កម្ពុជា គឺមានថ្នាក់ដឹកនាំដែលមានបទពិសោធន៍ មានភាពវាងវៃប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយទាំងផ្នែកយោធា នយោបាយ និងការទូត និងជាថ្នាក់ដឹកនាំដែលស្រលាញ់សន្តិភាព និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា៖ «កម្ពុជាយើងមានវីរៈកងទ័ព និងវីរៈកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហាន ប្តូរផ្តាច់ការពារសន្តិភាព ការពារបូរណភាពទឹកដី និងការពារមោទនភាពជាតិខ្មែរ ព្រមទាំងមានប្រជាពលរដ្ឋដែលចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាពិសេសនៅពេលប្រទេសជាតិប្រឈមនឹងហានិភ័យដោយការឈ្លានពាន ឬគំរាមកំហែងពីខាងក្រៅ»

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរ គឺជាអ្នកជាតិនិយម ប៉ុន្តែមិនជ្រុលនិយម។ ហើយកម្ពុជាមានប្រព័ន្ធដឹកនាំមួយមានការឯកភាព និងមានវិន័យ ពោល គឺទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធស្តាប់តាមការណែនាំ និងគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុត»។

ចំណុចខ្លាំងទាំងអស់នេះដែលកម្ពុជាយើងបានឆ្លងកាត់វិញ្ញាសារក្នុងជម្លោះប្រដាប់អាវុធជាមួយភាគីថៃរយៈពេល៥ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥ កន្លងទៅ។ កម្ពុជាជាប្រទេសតូចតែទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីសហគមន៍អន្តរជាតិ ដោយសារមានកម្លាំងមហាសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងដើរស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរដ្ឋាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបថែរក្សាឱ្យបាននូវកម្លាំងសាមគ្គីដ៏រឹងមាំនេះជារៀងរហូត ហើយត្រូវចៀសវៀងទទួលនូវព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនច្បាស់លាស់ ជាពិសេសព័ត៌ទាំងឡាយណាដែលមានចរិកលក្ខណៈបំបែកបំបាក់សាមគ្គីជាតិដ៏រឹងមាំរបស់យើង៕