
ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ យោធាថៃបានបញ្ចូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រចូលមកតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងបានរាយបន្លាលួស បើទោះបីជាមានការហាមឃាត់ពីកងទ័ពកម្ពុជាយ៉ាងណាក៏ដោយ។ ទង្វើនេះបានរំលោភបទឈប់បាញ់យ៉ាងគឃ្លើនពីភាគីថៃ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍បន្ទាន់ របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី ការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ពីសំណាក់កងទ័ពថៃ នៅថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។
អ្នកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានរំឭកថា កម្ពុជាទើបតែរៀបចំឱ្យមានដំណើរទស្សនៈកិច្ចបណ្តាអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ទៅកាន់ទីតាំងទាំងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដែលបានបញ្ជាក់ថាជាដែលអធិបតេយ្យរបស់កម្ពុជា។ ក្រសួងការពារជាតិ ចាត់ទុកថា ទង្វើរបស់ថៃ គឺជាការរំលោភបំពានលើបទឈប់បាញ់យ៉ាងគឃ្លើន និងបានគំរាមកំហែងធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាមៅក្នុងតំបន់ទាំងមូលផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ និងបណ្តាដៃគូរដែលជួយខិតខំប្រឹងប្រែងឱ្យសម្រេចបាននូវកិច្ចឈប់បាញ់ដ៏លំបាកនេះ និងមានបំណងចង់ឃើញការអនុវត្តបទឈប់បាញ់ពេញលេញ ប្រកបដោយប្រសិទ្ធភាព និងទាមទាឱ្យភាគីថៃ បញ្ឈប់ទង្វើឈ្លានពានជាបន្ទាន់ និងត្រូវគោរពម៉ឺងម៉ាត់ច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕


