
ឧត្តមានជ័យ៖ ទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យត្រូវបានក្រុមអ្នជំនាញគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកនេះជាលំអិត ដោយបានបញ្ជាក់ថា «គ្រាប់បែក MK-84 នេះ មានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦»។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ នារសៀលថ្ងៃចន្ទ ទី០៤ ខែសីហានេះ។
ប្រធានអង្គការ Golden West ប្រចាំកម្ពុជា លោក Len Austin និងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិក ខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ ក៏បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84 នេះ ផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពី ក្រុមហ៊ុន IMI (Israel Military Industries) របស់អ៊ីស្រាអ៊ែល បានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូល MKនេះ។
អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា៖ «គ្រាប់បែក MK-84 នេះ ផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣ កើតទេ។ អគ្គនាយកស៊ីម៉ាក៊ មានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ»៕

