2025-08-07 16:50
23

ភ្នំពេញ៖ ក្នុងពាក្យសម្តីបែបលេងសើចផង និងបង្កប់ដោយអត្ថន័យដ៏ស៊ីជម្រៅផង នៅមុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លោកនាយករដ្ឋមន្រ្តី Anwar Ibrahim ក្នុងនាមប្រធានអាស៊ានបច្ចុប្បន្ន លោកបាននិយាយថា «បើភាគីកម្ពុជា-ថៃ មិនយល់ស្របគ្នា នៅក្នុងកិច្ចប្រជុំនេះ គឺលោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ»។

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានសរសេរសំណេរបែបនេះ លើបណ្តាញសង្គមផ្លូវការរបស់លោក ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ខណៈពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Dato's Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី០៧ សីហា។

លោកនាយកដ្ឋមន្ត្រី Dato's Seri Anwar Ibrahim ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកបានបញ្ជាក់ខ្លឹមសារមួយចំនួន៖  បន្តគាំទ្រ  និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត។  

ក្នុងនោះ សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។

នាឱកាសនោះ លោក Anwar Ibrahim បានគួរបញ្ជាក់ផងដែរថា «បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ»។ លោក ទៀ សីហា បានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃនេះ ក្រោយកិច្ចប្រជុំGBCរវាងកម្ពុជា-ថៃ សម្រេចបានលទ្ធផលផ្លែផ្កាផងដែរ៕