
ភ្នំពេញ៖ មុខរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំ GBC ប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ នេះជាសំណេររបស់លោករដ្ឋមន្ត្រី ទៀ សីហា នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ។
ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ីសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក។
កិច្ចប្រជុំនេះសម្រេចបានទៅលើរបៀបវារៈ ការអនុម័តលើកំណត់ហេតុ និងការអនុម័តសេចក្តីប្រកាសព័ត៌មានរួម។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ប្រមុខការពារជាតិបានបញ្ជាក់ថា «យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ»៕


