
កណ្តាល៖ គ្រឿងញៀន និងសារធាតុញៀនផ្សេងៗ ព្រមសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រមាណជាង ៦តោន ដែលប្រមូលបានពីសាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដុតបំផ្លាញចោល។
ការដុតបំផ្លាញគ្រឿងញៀននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ស្ថិតនៅឃុំព្រែគយ ស្រុកស្អាង ក្នុងឱកាសរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុស្សិស្សជាច្រើននាក់។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងនេះ មានការដុតបំផ្លាញវត្ថុតាងគ្រឿងញៀនសារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន តាមសេចក្តីសម្រេច និងតាមអំណាចសាលក្រម របស់សាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា វត្ថុតាងទាំងនោះ គឺប្រមូលបានពីសាលាដំបូងខេត្តកណ្តាល សរុបចំនួន ២០៩ សំណុំរឿង និងសាលាដំបូងរាជធានីភ្នំពេញ សរុបចំនួន ១៣៣ សំណុំរឿង រួមមាន៖ សារធាតុញៀនគ្រប់ប្រភេទ, សារធាតុផ្សំគ្រប់ប្រភេទ និងសម្ភារៈពាក់ព័ន្ធការផលិតកែច្នៃ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលអាចដុតបំផ្លាញចោលបាន សរុបរួមមានចំនួន ៦,៣៥៧,៤១១.១២ ក្រាម (៦ តោន ៣៥៧ គីឡូ ៤១១.១២ ក្រាម)៕



