
ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ បានឃាត់បានរថយន្ត ០១ គ្រឿង ដឹកសាច់សត្វបង្កកចម្រុះ ៦ ៧៨០ គីឡូក្រាម។
សាច់បង្កកទាំងនោះ រួមមាន ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សរសៃជើងមាន់ ដែលគ្មានប្រភពមិនច្បាស់លាស់។
ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោង ២២នឹង៣៥នាទី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះចាប់រថយន្ត ០១ គ្រឿង ម៉ាក HYUNDIA ដឹកសាច់សត្វបង្កកចម្រុះ សរុបចំនួន ៦ ៧៨០ គីឡូក្រាម។
រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីរាជធានីភ្នំពេញ ឆ្ពោះមកលក់ចែកចាយនៅតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស មានន័យថា ការដឹកជញ្ជូនសាច់បង្កកទាំងនេះ គឺដឹកបំបែកគ្នាតាមម៉ូតូរឺម៉កកង់បី ចេញពីទិសដៅផ្សេងៗគ្នាដែលកំណត់ទីតាំងមិនច្បាស់លាស់ យកមកប្រមូលផ្ដុំគ្នានៅបេនឡាន រួចជញ្ជូនដាក់រថយន្តខាងលើទើបដឹកបន្តទៅចែកចាយតាមបណ្ដាខេត្ត។
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


