
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅកាន់ក្រសួងការបរទេសថៃ បានដាក់ការតវ៉ាយ៉ាងខ្លាំងបំផុត របស់កម្ពុជា ប្រឆាំងនឹងការបន្ត និងការកើនឡើងនៃការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃ ដោយរំលោភយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពស្របតាមផ្លូវច្បាប់។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងការតវ៉ារបស់ក្រសួងការបរទេសកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភម្តងហើយម្តងទៀត របស់ប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាការបន្តរំលោភបទឈប់បាញ់ និងបានជំរុញឱ្យរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ជាបន្ទាន់នូវការទន្ទ្រាចូល និងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាសកម្មភាពរំលោភផ្សេងៗទៀត មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងដកកងទ័ព និងឧបករណ៍យោធារបស់ខ្លួនទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងមានសុគត់ភាពស្របតាមព្រំដែនដែលបានបង្កើតឡើងដោយស្របច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេស ជំរុញឱ្យភាគីថៃ ត្រូវគោរពយ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌនូវរាល់កាតព្វកិច្ចទ្វេភាគី និងអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទី និងកំណត់ហេតុនៃកិច្ចព្រមព្រៀងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទសម៉ាឡេស៊ី៕




