2025-08-12 18:05
15

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភ័ស្តុតាងពីភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ទី១២ ខែសីហានេះ។ 
ការបដិសេធនេះ ធ្វើឡើងនាម៉ោង ០៤និង០០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថាកម្ពុជា រក្សាជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនដែលប្រើប្រាស់មីនថ្មីជាដាច់ខាត ព្រោះកម្ពុជាគឺជារដ្ឋភាគីនៃអនុញ្ញាហាមប្រាមមិនប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់បច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៃការបោសសម្អាតមីន និងការមិនប្រើប្រាស់មីនប្រឆាំងមនុស្សជាដើម។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖ «រហូតដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតជាផ្លូវការ តម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធករណីផ្ទុះមីននេះ។ ម្យ៉ាងទៀត កម្ពុជាតែងតែក្រើនរំឭកដល់ភាគីថៃ ជាច្រើនលើកច្រើនសារតំបន់ព្រំដែនកម្ពុជានៅមានគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាមមិនទាន់បោសសម្ពាតនៅឡើយ ហេតុដូច្នេះគ្រប់ភាគីពាក់ព័ន្ធគួរជៀសវាងការធ្វើសេចក្តីសន្និដ្ឋានជាសាធារណៈ មុនពេលមានការស៊ើបអង្កេតរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាបទាំងអស់គ្នា ដើម្បីបញ្ចៀសការភ័ន្តច្រឡំ និងការប្រឈមមុខដាក់គ្នានាំឱ្យមានៅភាពតានតឹងកើតមានឡើងសារជាថ្មី»។

កម្ពុជា សូមគូសបញ្ជាក់សារជាថ្មី និងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យភាគីថៃ គោរពនូវលក្ខខ័ណ្ឌ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា “ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ”។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ 

សាជាថ្មីម្តងទៀត សូមអំពាវនាវដល់ភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីររួមទាំងការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅពេលខាងមុខ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្ថែមទៀតថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនក្នុងការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។

ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕