2025-08-12 18:16
15

កោះកុង ÷ សាច់បង្កកជាច្រើនប្រភេទ រួមទាំងបន្លែផ្លែឈើមួយចំនួនទៀត ត្រូវបានក្រុមឈ្មួញនាំពីប្រទេសសៀម ចូលមកកម្ពុជាតាមផ្លូវទឹក មកកាន់ប៉ាក់ខ្លង ដងទង់និងទីតាំងផ្សេងៗទៀត ជាបន្តបន្ទាប់ដោយរលូន បើទោះបីប្រមុខថ្នាក់ដឹកនាំហាមប្រាមមិនឲ្យនាំចេញនូវបន្លែផ្លែឈើគ្រប់ប្រភេទពីប្រទេសសៀមចូលមកកម្ពុជា ។

ជាក់ស្ដែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ នេះ ពលរដ្ឋឃុំប៉ាក់ខ្លងបានបន្ថែមថា ក្រុមឈ្មួញបាននាំសាច់បង្កកតាមទូកកន្ទុយវែងចេញពីប្រទេសសៀម ចូលមកកម្ពុជាតាមច្រកទឹកឆ្ពោះមកប៉ាក់ខ្លងដើម្បីចែកចាយបន្ត ប៉ុន្តែគុណបុណ្យមិនជួយធ្វើឲ្យក្រុមឈ្មួញបើកទូកវង្វេងឃ្លងបុកខុស ទូកជាប់គាំងលេងទៅមុខខណៈមេឃកំពុងភ្លៀង លាយឡំខ្យល់ និងមានរលកបក់បោកយ៉ាងខ្លាំង បង្កឲ្យទូកដឹកសាច់បង្កកទាំងនេះ ត្រូវបានរលកវាយបំបែក រួចក្អែរចេញសុទ្ធតែសាច់បង្កកជាច្រើនប្រភេទ ដូចជា ស្លាប់មាន់ ជង្គង់មាន់ មឹក សាច់ខ្យងចំពោះទា និងគ្រឿងក្នុងសាច់គោ ក្របី អណ្ដែតពាសពេញផ្ទៃសមុទ្រ នៅចំណុចមាត់ពាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ពលរដ្ឋបានបន្តជាសំណួរសួរថា ជុំវិញករណីទូកដឹកទំនិញចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទឹកកន្លងមក មិនដឹងថា មន្ត្រីពាក់ព័ន្ធដឹងដែរឬទេ? ឬមួយដឹងហើយធ្វើមិនដឹង? ដូចនេះពលរដ្ឋស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីរដ្ឋាករគយ មេត្តាចាត់មន្ត្រីស្អាតស្អំចុះពិនិត្យលើបញ្ហានេះផង បើនៅតែបែបនេះពិតជាមានបញ្ហាធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋយ៉ាងខ្លាំង ពីព្រោះសាច់ទាំងនោះសុទ្ធតែជាសាច់បង្ក ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជុំវិញបញ្ហានេះ គយចល័តប្រចាំនៅមាត់ពាមប៉ាក់ខ្លងនៅមិនទាន់បានសុំការបំភ្លឺនៅឡើយទេ ពីព្រោះមិនស្គាល់លេខទូរសព្ទ។
ដោយឡែកលោកស្រី ឯម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង បានបញ្ជាក់តាមទូរសព្ទថា លោកស្រីនៅមិនទាន់ទទួលបានព័ត៌មានទេ ចំពោះ ការលើកឡើងរបស់ពលរដ្ឋ ថាមានក្រុមឈ្មួញដឹកសាច់បង្កកមកតាមទឹកចេញពីប្រទេសថៃមកកម្ពុជានោះ  ពីព្រោះច្រកព្រំដែនបានបិទហើយ ៕